ភ្នំពេញ៖ សមត្ថកិច្ចបានសម្រេចផ្ទេរសំណុំរឿង ជនសង្ស័យ២នាក់ប្តីប្រពន្ធ ដែលជាផ្តល់ម៉ូតូមួយគ្រឿងឱ្យជនដៃដល់ដែលបាញ់សម្លាប់លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ជិះគេចខ្លួន និងរក្សាទុកអាវុធដោយខុសច្បាប់នោះ ឱ្យទៅតុលាការខេត្តត្បូងឃ្មុំ បន្តនីតិវិធីចិញ។ នេះ បើតាមលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

ជនត្រូវចោទ២នាក់ប្តីប្រពន្ធនេះ ប្តីឈ្មោះ កាន់ ចាន្នា អាយុ២៦ឆ្នាំ និងប្រពន្ធឈ្មោះហាយ ធីតា អាយុ៣២ឆ្នាំ ស្នាក់នៅភូមិសាទ្បង់១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានផ្តល់ម៉ូតូមួយគ្រឿងឱ្យជនដៃដល់ អ៊ាណារ៉េន ជិះគេចខ្លួន ត្រូវបានតុលាការចោទប្រកាន់ពីបទ «រក្សាទុកអាវុធដោយខុសច្បាប់» តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌផងដែរ។

ជនដៃដល់ឈ្មោះ អ៊ា ណារ៉េន ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌ បានស្លាប់ក្រោយផ្ទុះ អាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះដោយសារជននេះ បានបាញ់តដៃមិនព្រមប្រគល់ខ្លួន កាលពីល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយនៅថ្ងៃទី១៥ ខែមករា ដដែលនោះ សមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើនៅខេត្តត្បូងឃ្មុំ បញ្ជូនមកកាន់ក្រសួងមហាផ្ទៃ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ជនដៃដល់ឈ្មោះ អ៊ា ណារ៉េន បានបាញ់សម្លាប់លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីមានទំនាស់ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍ នៅមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។ លុះដល់រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ជាអ្នកបើករថយន្ដនៅថ្ងៃបង្កហេតុ៕