រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានប្រកាសព័ត៌មានថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣នាក់បន្ថែមទៀត ហើយអ្នកឆ្លងទាំងនោះជាអ្នកដំណើរមកពីអាមេរិក និងនីហ្សេរីយ៉ា និងមានអ្នកជំងឺ​ជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ ចំនួន៣នាក់ត្រូវព្យាបាលជាសះស្បើយ​។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងកូវីដ-១៩ថ្មីទាំង៣នាក់នោះ រួមមាន៖

១-ស្ត្រីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គាត់ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក ហើយបន្តជើងហោះហើរ នៅប្រទេសសិង្ហបុរី និងមកដល់កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

២-បុរសជនជាតិខ្មែរ អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គាត់ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក ហើយបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី និងមកដល់កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ រីឯលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង​២នាក់ខាងលើនេះ ត្រូវបានផ្តល់ឲ្យដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល រកឃើញវិជ្ជមាន នៃវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។ ដោយឡែក អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៤៧នាក់ រួមទាំង​បុគ្គលទាំង២នាក់ខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន៤៥នាក់នោះទទួលបាលលទ្ធផលតេស្តអវិជ្ជមាន នៃវីរុសកូវីដ-១៩នោះ។ ប៉ុន្ដែពួកគេត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមួយ នារាធានីភ្នំពេញ ចំនួន២៤នាក់ ហើយសណ្ឋាគារមួយទៀត នៅរាជធានីភ្នំពេញ ចំនួន​១នាក់ និងសណ្ឋាគារមួយទៀត នៅរាជធានីភ្នំពេញ ចំនួន២០នាក់ ។

៣-បុរសជនជាតិនីហ្សេរីយ៉ា អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ។ គាត់ជាអ្នកដំណើរ មកពីប្រទេសនីហ្សេរីយ៉ា ហើយបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង និងមកដល់កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថាន ជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយឡែក អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុប​៨៣នាក់ រួមទាំង​បុគ្គលខាងលើនេះផងដែរ។ រីឯអ្នកដំណើរចំនួន៨២នាក់ទៀត មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩។ ប៉ុន្ដែពួកគេត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ ចំនួន​១នាក់ ហើយសណ្ឋាគារមួយទៀត នៅរាជធានីភ្នំពេញ ចំនួន៤៤នាក់ និងសណ្ឋាគារមួយទៀត នៅរាជធានីភ្នំពេញ ចំនួន៣៧នាក់ ។

ក្រសួងសុខាភិបាល បានបន្ដថា អ្នកជាសះស្បើយទាំង​៣នាក់ រួមមាន៖

១-ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គាត់បានធ្វើដំណើរមកពីប្រទេសថៃ ហើយមកដល់កម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។

២-ស្ត្រីជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មានអាសយដ្ឋាន​នៅឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ គាត់បានធ្វើដំណើរមកពីប្រទេសថៃ ហើយបានមកដល់កម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ បុគ្គលទាំង​២រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន នៃវីរុសកូវីដ-១៩ ចំនួន​២លើក ទើបក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

៣-ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានអាសយដ្ឋាន នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ គាត់បានធ្វើដំណើរមកពីប្រទេសថៃ ហើយបានមកដល់កម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយ​​បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន នៃវីរុសកូវីដ-១៩ ចំនួន០២លើក ទើបក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

បើគិតត្រឹមវេលាម៉ោង៧​ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប៤៥៦នាក់។ ប៉ុន្ដែក្នុងចំណោមអ្នកជំងឺទាំងនោះមាន​អ្នកជំងឺជាសះស្បើយ ចំនួន៣៩៩នាក់ ហើយអ្នកជំងឺចំនួន៥៧នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ៕