​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើ​ជំរឿន​លើ​ប្រជាពលរដ្ឋ ដែលមាន​បំណង​ចង់​ចាក់​វ៉ាក់សាំង​ការពារ​សុខភាព​។ ដោយកម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​៣០​ម៉ឺន​ដូ​ស​ពី​ចិន នៅ​ខែកុម្ភៈ​នេះ​ហើយ។

«​អ្នក​ចង់​ចាក់​ក៏​ចាក់​ទៅ អ្នក​មិន​ចង់​ចាក់​ក៏​មិនចាក់​ទៅ​»​។ នេះ​ជា​សារ​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​បញ្ជា​ឱ្យ​លោក ម៉ម ប៊ុនហេង ស្រង់​ចំនួន​ប្រជាជន ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​របស់​ចិន ដែល​នឹង​មកដល់​កម្ពុជា​នៅ​ខែកុម្ភៈ​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២២ មករា សម្ដេច ក៏​ប្រកាសថា សម្ដេច​នឹង​ទទួល​វ៉ាក់សាំង​កូ​វីដ​ចិន​ផ្ទាល់​តែម្ដង នៅ​ព្រលានយន្តហោះ​។ «​ខ្ញុំ​នឹង​ចេញទៅ​ទទួល​ខ្លួនឯង នៅ​ព្រលានយន្តហោះ ព្រោះ​វា​ជា​ទំនិញ​យុទ្ធសាស្ត្រ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។

​សម្ដេច ហ៊ុន សែន នឹង​ចាក់​វ៉ាក់សាំង​នេះ មុនគេ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ក្រោយ​សម្ដេច ចាក់​ហើយ សម្ដេច នឹងធ្វើ​សន្និសីទកាសែត ដើម្បី​ផ្ដល់​ទំនុកចិត្ត​ពលរដ្ឋ​។ សម្ដេច ក៏បាន​បបួល​រដ្ឋមន្ត្រី​ការពារជាតិ សម្ដេច ទៀ បាញ់ និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមទាំង​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត ទៅ​ចាក់​វ៉ាក់សាំង​ផងដែរ​។​

នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​ប្រកាស​ចាក់​វ៉ាក់សាំង​ការពារ​សុខភាព​ពលរដ្ឋ ឱ្យបាន​៥០​ម៉ឺន​នាក់ នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរខាងមុខ​។​ បើតាម​សម្ដេច ហ៊ុន សែន ក្រៅពី​វ៉ាក់សាំង​ចិន កម្ពុជា ក៏​នឹង​ទទួលយក​វ៉ាក់សាំង​ពី​ឥណ្ឌា អង់គ្លេស និង​កូរ៉េខាងត្បូង​ជាដើម​។ វ៉ាក់សាំង​ប្រទេស​ទាំងនេះ ស្ថិតនៅក្នុង​ការស្នើសុំ និង​ពិចារណា​ទិញ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​

​បើតាម​គម្រោង​COVAX នឹង​ផ្ដល់​វ៉ាក់សាំង​មក​កម្ពុជា ប្រមាណ​៣​ភាគរយ នៅ​ជំហាន​ដំបូង នៅ​ខែមិថុនា ។ COVAX សន្យា​ផ្ដល់ជំនួយ​២០​ភាគរយ​មក​កម្ពុជា ដែល​ស្មើ​៦,៤​លាន​ដូ​ស សម្រាប់​ចាក់​លើ​មនុស្ស ៣,២​លាន​នាក់​នៃ​ចំនួន​ប្រជាជន​សរុប​។ កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​៥​ភាគរយ នៃ​ចំនួន​វ៉ាក់សាំង​ពី​COVAX​នេះ​។ បើតាម​សម្ដេច កម្ពុជា ក៏​ដាក់សំណើ​ទៅ​COVAX ទិញ​វ៉ាក់សាំង​១​លាន​ដូ​ស​ដែរ​៕