បរទេស៖ រហូតមកដល់ពេលនេះ ឥណ្ឌាកំពុងក្លាយជាប្រទេសរងគ្រោះដោយសារ​​កូវីដ-១៩ខ្លាំងជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោក ហើយស្របពេលប្រទេសនេះកំពុងតែរងគ្រោះខ្លាំងផងនោះ សម្រាប់តែមានគ្រោះចង្រៃ ឆាបឆេះអគាររោងចក្រវ៉ាក់សាំងបង្ការកូវីដ-១៩ដ៏ធំបំផុតរបស់ពិភពលោក នៅភាគខាងលិច ប្រទេសនេះ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

បើតាមសារព័ត៌មាន The Hill បានផ្សាយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ថា យ៉ាងហោចណាស់ ក៏មានមនុស្ស៥នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ឆេះអគារកំពុងសាសង់របស់រោងចក្រផលិតវ៉ាក់សាំងដ៏ធំបំផុតរបស់ពិភពលោក ស្ថិតក្នុងទីក្រុង Pune នាភាគខាងលិច ប្រទេសឥណ្ឌា កាលពីថ្ងៃទី២១ ខែមករា។ នៅក្នុងហេតុការណ៍នោះ គេឃើញមានផ្សែងខ្មៅ​ ចេញពីអគារកំពុងសាសង់ នៅក្នុងវិទ្យាស្ថានផលិតឱសថដ៏ធំរបស់ឥណ្ឌា ស្ថិត​ក្នុងទីក្រុង ​ Pune ។ លុះក្រោយមក ​ក្រុមពន្លត់អគ្គិភ័យឥណ្ឌា ក៏បានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ប៉ុន្ដែមន្រ្ដីក្នុងតំបន់ ​បានប្រកាសថា មានមនុស្ស៥នាក់ស្លាប់ នៅក្នុងហេតុការណ៍នោះ។

លោក Adar Poonawalla នាយកប្រតិបត្ដិ នៃវិទ្យាស្ថាន Serum ឥណ្ឌា បានឲ្យដឹងថា យើងទើបតែទទួលបានព័ត៌មានថ្មីៗគួរឱ្យរន្ធត់នេះ។ ​នេះជារឿងដ៏អកុសលបំផុត ដែលបាននាំឲ្យមានការបាត់បង់អាយុជីវិតមនុស្ស នៅក្នុងឧប្បត្តិហេតុនេះ។ យើងមានការសោកស្តាយយ៉ាងខ្លាំង ហើយសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយនឹងសមាជិកគ្រួសាររបស់ពួកគេ។

សូមជម្រាបថា វិទ្យាស្ថាន Serum ឥណ្ឌានេះ  (Serum Institute of India) ​បានចុះកិច្ចសន្យាផលិតវ៉ាក់សាំង ប្រហែល៥០លានដូស ក្នុងមួយខែ ដែលបានអភិវឌ្ឍឡើង ដោយសាកលវិទ្យាល័យ Oxford និង Astrazeneca របស់អង់គ្លេស។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press កាលពីខែមុន លោក Poonawalla បានថ្លែងថា លោកមានបំណងបង្កើនការផលិតវ៉ាក់សាំង ចន្លោះពី ១,៥ ពាន់លានទៅ ២,៥ ពាន់លានដូស ​នៅចុងឆ្នាំ២០២១។​

ទោះជាយ៉ាងណា លោក Poonawalla បានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ការផលិតវ៉ាក់សាំង ដែលអ្នកស្រុកស្គាល់ថា  Covishield នោះឡើយ។ ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់  AstraZeneca របស់អង់គ្លេស និងវ៉ាក់សាំងអភិវឌ្ឍ នៅក្នុងស្រុក។

បើតាមគេហទំព័រ Worldometer បានផ្សាយ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ថា ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ ចំនួន ១០ ៦២៦ ២០០នាក់ ស្លាប់ ១៥៣នាក់ និងជាសះស្បើយ ១០ ២៨២ ៨៨៩នាក់៕