អ្នកណាមិនស្គាល់បាយមាន់ហៃណាំ ឬបាយមាន់ស្ងោរដែលជាអាហារពេលព្រឹក ឬពេលថ្ងៃត្រង់ដែលពេញនិយមនៅកម្ពុជា និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ី។ មុខម្ហូបមួយនេះ មានដើមកំណើតចេញពី កោះហៃណាន នៅខាងត្បូងប្រទេសចិន។ ហើយបច្ចុប្បន្នបាយមាន់ហៃណាំនេះបានក្លាយជាអាហារតំណាងប្រទេសសិង្ហបុរីទៀតផង។ កុំឱ្យខាតពេលយូរ យើងនាំគ្នាមករៀនធ្វើបាយហៃណាំទាំងអស់គ្នា។

គ្រឿងផ្សំ៖ មាន់ ខ្ទឹមស ខ្ញី ស្លឹកខ្ទឹម ប្រេង អំបិល ទឹកស៊ីអ៊ីវ។
របៀបចម្អិន៖ លាងសម្អាតមាន់ជាមួយអំបិល ស្ងោរមាន់រយៈពេល៤ទី៥នាទី រួចស្រង់វាមកលាងទឹកដើម្បីឱ្យសាច់មាន់មានសភាពរលោង។ រួចដាក់ចូលទៅក្នុងទឹកស្ងោរមាន់នោះដដែល ហើយបង់គ្រឿងផ្សំខាងលើចូល រួចរម្ងាស់រយៈ២៥នាទី បន្ទាប់មកបិទភ្លើង ដាក់វាចោលមួយអន្លើសិន។ សម្រាប់បាយ យើងលាងអង្កររួចដាក់ដាំជាមួយទឹកស្ងោរមាន់ ឬទឹកធម្មតាក៏បាន តែត្រូវដាក់ខ្ទឹមស និងខ្ញីចូលផង ដើម្បីឱ្យវាឈ្ងុយ ហើយបើចង់ឱ្យមានពណ៌លឿងយើងអាចដាក់រមៀតចូលបន្ដិចក៏បាន។

របៀបធ្វើទឹកជ្រលក់៖ ការពិតទៅអ្នកអាចញ៉ាំជាមួយទឹកស៊ីអ៊ីវ ម្ទេស និងប្រេងល្ងក៏បាន។ ប៉ុន្ដែជម្រើសមួយទៀត អ្នកអាចឈូសខ្ញីឱ្យម៉ត ច្របល់ជាមួយប្រេងអូលីវក៏បាន ឬអាចជ្រលក់ទឹកត្រីកោះកុង ក៏កាន់តែប្រសើរតាមតែការចូលចិត្តរបស់អ្នក៕