រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានថ្លែងថា រុស្ស៊ីនឹងបញ្ជូនវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន១០លានដូស មកឲ្យកម្ពុជា នាពេលខាងមុខនេះ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងជំនួប រវាងលោក និង លោក អាណាតូលី បូរ៉ូវីគ (H.E. Anatoly BOROVIK ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់សហព័ន្ធន៍រុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា  កាលពីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ នោះ ឯកអគ្គរដ្ឋទូតរុស្ស៊ី បាន​លើកឡើងថា ​រុស្ស៊ីបានមានទំនាក់ទំនងការទូតល្អជាមួយនឹង​កម្ពុជា អស់​រយៈពេល៦៥ឆ្នាំហើយ។​

ឯកអគ្គរដ្ឋទូតរុស្ស៊ី បានបញ្ជាក់ថា បញ្ហា​ស្ថានភាពជំងឺកូវីដ–១៩ នាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យប៉ះពាល់ដល់បណ្ដា​ប្រទេសនានា នៅលើពិភពលោក រួមទាំង​​កម្ពុជា និងរុស្ស៊ីផងដែរ។​ ប៉ុន្ដែ​រុស្ស៊ី​បានអភិវឌ្ឍវ៉ាក់សាំង (Sputnik V) សម្រាប់ចាក់ការពារជំងឺដ៏កាចសាហាវនេះ។

ឯកអគ្គរដ្ឋទូតរុស្ស៊ី បានបន្ថែមថា ដោយសារទំនាក់ទំនងការទូតល្អនឹងគ្នានោះ អាជ្ញាធររុស្ស៊ី គ្រោងនឹងបញ្ជូនវ៉ាក់សាំងនេះ មកឲ្យប្រទេសកម្ពុជា នាពេលខាងមុខនេះ។ ប៉ុន្ដែយើងត្រូវពិភាក្សាគ្នាជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបញ្ជូនវ៉ាក់សាំង (Sputnik V) បង្ការកូវីដ-១៩នេះមកឲ្យកម្ពុជា។

ជាមួយគ្នានេះដែរ លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានថ្លែងការអរគុណ ចំពោះ​រុស្ស៊ី ដែលគ្រោងនឹងបញ្ជូនវ៉ាក់សាំង​ ​Sputnik V​ មកឲ្យ​កម្ពុជា នាពេលខាងមុខនេះ។ នេះ​ជាសន្តានចិត្តដ៏ប្រសើរបំផុតរបស់​រុស្ស៊ី សម្រាប់ប្រទេសកម្ពុជា។ ដោយឡែកសម្រាប់ការវិនិយោគទុនវិញ រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាង សម្រាប់​វិនិយោគិនរបស់​ប្រទេសរុស្ស៊ី ដែលចង់មកបណ្ដាក់ទុនរកស៊ី នៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថាថ ប្រទេសរុស្ស៊ី បានអភិវឌ្ឍវ៉ាក់សាំងបង្ករកូវីដ-១៩ (Sputnik-V) មុនគេ នៅលើពិភលោក។ រហូតមកដល់ពេលនេះ ប្រទេសនេះបានចាក់វ៉ាក់សាំង ​Sputnik V ជូនប្រជាពលរដ្ឋ​ រួមទាំង លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្សី ផងដែរ។  ការចាក់វ៉ាក់សាំង​ Sputnik V នេះ មានប្រសិទ្ធភាព ៩២ ភាគរយ ហើយវាអាចរក្សាទុក នៅក្នុងសីតុណ្ហភាពទូទឹកកកធម្មតាបាន និងមានតម្លៃ ប្រហែល១០ដុល្លារអាមេរិក ក្នុង១ដូស៕