ភ្នំពេញ ៖ អ្នកម្តាយភាគច្រើនប្រាកដជាធ្លាប់ដឹង និងបានឃើញរួចមកហើយនៅពេលដែលទារកទើបនឹងកើតមកមានជាប់ជាមួយនឹងសារជាតិម្ស៉ាងពណ៌សៗ ដែលមានសណ្ឋានដូចជាក្រែមសយ៉ាងដូច្នោះដែរ។

ប៉ុន្តែអ្នកម្តាយគ្រប់រូបសូមកុំមានការព្រួយបារម្ភព្រោះថា ម្សៅពណ៌សនេះវាគឺជាសារជាតិម្យ៉ាងដែលផ្សំឡើងពីជាតិទឹក ជាតិខ្លាញ់ និងប្រូតេអ៊ីន ដែលវាបានគ្របដណ្តប់លើស្បែកទារកនៅក្នុងត្រីមាសចុងក្រោយនៃគភ៌ ហើយសារជាតិនេះមានឈ្មោះថា Vernix Caseosa ។

អ្វីដែលសារជាតិ Vernix Caseosa មានគុណប្រយោជន៍នោះមានដូចជា៖ ជួយផ្តល់សំណើមដល់ស្បែក ជួយសម្រួលសីតុណ្ហភាព និងការពារស្បែកទារកពីមេរោគផ្សេងៗនៅពេលដែលទារកកើតបាន ១សប្តាហ៍ដំបូង។ វាក៏ជួយកាត់បន្ថយការកកិតស្បែកទារកក្នុងពេលសម្រាល ក៏ដូចជាការពារការបាត់ជាតិទឹកក្នុងរាងកាយទារក ថែមទាំង អេឡិចត្រូលីតផ្សេងៗនៅក្នុងផ្ទៃម្តាយផងដែរ។

អាស្រ័យហេតុនេះ នៅពេលដែលទារកកើតមកយើងមិនត្រូវធ្វើការជូតសម្អាតខ្លួនទារកភ្លាមពេកនោះទេ ដោយរង់ចាំឲ្យបាន២៤ម៉ោងសិនទើបជាការល្អ នេះបើតាមការណែនាំរបស់អង្គការសុខភាពពិភពលោក៕