កូនអ្នកខេត្តដែលមានចំណូលទាប មករៀននៅសាកលវិទ្យាល័យ នៅទីក្រុងភ្នំពេញ ពិតជាមានការលំបាក ព្រោះត្រូវចំណាយច្រើន ជាងពេលពួកគេ រៀននៅថ្នាក់វិទ្យាល័យ ដូចជាត្រូវ ចំណាយលើ អាហារហូបចុក កន្លែងរស់នៅ និង លុយសម្រាប់បង់ថ្លៃសាលាជាដើម។ ដូច្នេះពួកគេគួររកវិធីសាស្រ្តក្នុងការរស់នៅដែលចំណាយលុយតិច ហើយឈានដល់ការសន្សំបានខ្លះផងដែរ។

១. កន្លែងស្នាក់នៅ
ការជ្រើសរើស កន្លែងស្នាក់នៅក៏ជាផ្នែកមួយដែលអ្នកត្រូវគិត ព្រោះវាអាចជួយកាត់បន្ថយចំណាយបានមួយកម្រិតផងដែរ។ ជាការពិតណាស់ សិស្ស-និស្សិតដែលមកសិក្សានៅភ្នំពេញភាគច្រើនសុទ្ធតែត្រូវជួលបន្ទប់ឬផ្ទះគេសម្រា ប់រស់នៅ ដូច្នេះ ពួកគេគួរតែស្វែងរកបន្ទប់ជួលណាដែលមានតម្លៃធូរថ្លៃស្របតាមកម្រិតចំណាយរបស់ខ្លួន ។ អ្វីដែលកាន់តែធ្វើឲ្យអ្នកកាត់បន្ថយចំណាយនោះគឺ រស់នៅរួមគ្នាជាមួយមិត្តភក្តិរបស់អ្នក។ ឧទហរណ៍ អ្នកនៅម្នាក់ឯងចំណាយ ៥០ដុល្លារលើថ្លៃបន្ទប់ជួលក្នុងមួយខែ តែបើអ្នក រស់នៅជាមួយមិត្តម្នាក់នោះអ្នកនឹងកាត់បន្ថយចំណាយបាន២៥ដុល្លារពោលគឺអ្នកសន្សំបាន២៥ដុល្លារក្នុងមួយខែ ហើយអ្នករស់នៅជាមួយមិត្តភក្ដិ២នាក់នោះអ្នកនឹងកាត់បន្ថយចំណាយបានច្រើនជាងនេះទៅ ទៀត។

២. ការរាប់អានមិត្តភក្ដិ
ខណៈដែលអ្នកជាកូនអ្នកខេត្ត មានចំណូលទាប ហើយរាប់អានមិត្តភក្ដិ ដែលចូលចិត្តភាពឡូយឆាយចាយលុយខ្ជៈខ្ជាយ មិនចេះគិត នោះអ្នកអាចនឹងក្លាយជាមនុស្សដែលចាយលុយខ្ជៈខ្ជាយដូចពួកគេដែរ ព្រោះ មិត្តភក្ដិចូលចិត្តភាពឡូយឆាយចាយលុយខ្ជៈខ្ជាយ ជាញឹកញាប់ តែងតែបបួលអ្នកទៅកន្លែងណាដែលចំណាយលុយច្រើន ហើយបើអ្នកមិនបដិសេធចំពោះការបបួលរបស់ពួកគេទេនោះ អ្នកនឹងចំណាយច្រើនលុយទៅតាមនឹងដែរ។

៣. ការញ៉ាំចំណីចំណុកផ្សេងៗក្នុងមួយថ្ងៃៗ
ការញ៉ាំចំណីក្រៅ ផ្ទះ ឬអាហារសម្រន់នេះ វាធ្វើឲ្យអ្នកចំណាយលុយអស់ច្រើនក្នុងមួយថ្ងៃទាំងមិនដឹងខ្លួននោះទេ។ ជាទូទៅយុវជនយើងចូលចិត្តចាយលើចំណីចំណុក ឬអាហារសម្រនផ្សេងៗ នៅកន្លែងនេះបន្តិច នៅកន្លែងនោះបន្តិច។ ប្រសិនបើអ្នក ព្យាយាមកត់ត្រានូវរាល់ការចំណាយលើចំណីទាំងនោះទើបអ្នកដឹងមួយថ្ងៃៗអ្នកចំណាយទៅលើវាច្រើន។ ដើម្បីចៀសវាងការចាយច្រើនលើចំណីចំណុកអ្នកគួរតែញ៉ាំអាហារណាដែលបំពេញភាពស្រេកឃ្លានរបស់អ្នកបានមួយថ្ងៃនោះទើបមិនចំណាយលុយច្រើន លើចំណី។

៤. ធ្វើម្ហូបញ៉ាំដោយខ្លួនឯង
ការញ៉ាំអាហារក្រៅផ្ទះ ក៏ជាចំណែកមួយឲ្យអ្នកចំណាយលុយច្រើនផងដែរ ដូច្នេះ អ្នកគួរឆ្លៀតពេល ធ្វើម្ហូបអាហារនៅផ្ទះដោយខ្លួនឯងជាការល្អប្រសើរ។ វាអាចពិបាកបន្តិចខណៈ យុវជនមួយចំនួនមិនសូវមានពេលច្រើន តែអាចពួកគេអាចធ្វើបាននោះពួកគេសន្សំសំចៃលុយបានមួយកម្រិតដែរ ព្រោះម្ហួបខ្លះអាចបរិភោគបាន២ពេលឯណោះ។

៥. បែកចែកឲ្យដាច់ រវាង “ចំណង់” និង “តម្រូវការ”
ចំណង់ និងតម្រូវការ គឺជាក្បួនចាយលុយសម្រាប់អ្នកដែលចាយលុយបែបសន្សំសំចៃ។ អ្នកគួរតែប្រើប្រាស់នូវក្បួនមួយនេះក្នុងការចាយវាយរបស់ខ្លួន។ មុនចំណាយទៅលើអ្វីមួយគួរសួរខ្លួនឯងជាមុនសិន ថាតើ របស់ដែលអ្នកនឹងចំណាយទៅលើវានោះជា របស់ដែលចាំបាច់ត្រូវតែមានឬ មួយវាគ្រាន់តែជា របស់ដែលអ្នកចង់បានវា សម្រាប់ភាពហ៊ឺហារបស់ខ្លួន។ ប្រសិនបើជារបស់ដែលអ្នកចង់បានចូរអ្នកទុកសិនចាំទិញពេលណាមួយដែលអ្នកមានលុយគ្រប់គ្រាន់ទៅ ខណៈដែលអ្នកមិនទាន់មានចំណូលគ្រប់គ្រាន់សម្រាប់ចំណាយលើសម្ភារនិយមទាំងនោះ។ ចំពោះតម្រូវការវិញ គឺសំដៅទៅការចំណាយដែលអ្នកត្រូវតែចំណាយទៅលើវាក្នុងមួយខែៗ ដូច ការចំណាយលើអាហារហូបចុកប្រចាំថ្ងៃ ចំណាយលើការស្នាក់នៅដូចជា បង់ថ្លៃផ្ទះជួល បង់ថ្ងៃទឹកភ្លើង និងចំណាយផ្សេងៗទៀតដែល អ្នកគិតថាវាចាំបាច់ក្នុងមួយខែៗ។ ការបែងចែក “ចំណង់” និង “តម្រូវ” នេះធ្វើឲ្យយុវវ័យអាចកាត់បន្ថយការចំណាយរបស់ពួកគេ ហើយជាក៏ជាទម្លាប់ចាយលុយមានប្រសិទ្ធភាពផងដែរ។

៦. ស្វែងរកការកម្សាន្តសប្បាយដែលចំណាយលុយតិច
និស្សិតមួយចំនួន តែងតែចង់កម្សាន្ដសប្បាយតាមអាមរ្មណ៍បែបយុវវ័យ តែបើអ្នកមានលុយតិច ហើយចង់រកកន្លែងសប្បាយ Brand Brand ថ្លៃៗ នោះភាពសប្បាយរបស់អ្នកនឹងប្រែក្លាយមកជាទុក្ខវិញ។ ដូច្នេះ ដើម្បីឲ្យអាចរកឱកាសកម្សាន្តសប្បាយខណៈអ្នកមានលុយតិច អ្នកគួរស្វែងរការកម្សាន្តដែលចំណាយលុយតិច ដូចជាការលេងកីឡាផ្សេងៗ ការអានសៀវភៅ ការជិះកង់កម្សាន្ត ជាដើម៕