បរទេស៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង កំពុងតែហោះហើរ នៅក្នុងថ្ងៃដែល លោក ចូ បៃដិន (Joe Bidden) ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក ស្រាប់តែជួបនឹងហេតុការណ៍អាក្រក់ បណ្ដាលឲ្យមនុស្ស៣នាក់បាត់បង់ជីវិត។

បើតាមសារព័ត៌មាន Localsyr បានផ្សាយថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានជួបនឹងហេតុការណ៍ដ៏អាក្រក់ធ្លាក់ នៅក្នុងវាលស្រែរបស់កសិក នៅខាងលិចផ្លូវ ​​Bloomfield ជិតផ្លូវរោងចក្រ Cheese ស្ថិតក្នុងទីក្រុង Mendon រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ (វេលានៅអាមេរិក)។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យមន្រ្ដីយោធាចំនួន៣នាក់បាត់បង់ជីវិត។

​​​ប៉ូលិសទីក្រុង Mendon បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រខាងលើ បានធ្លាក់ នៅវេលាម៉ោង​៦ និង៣២នាទីល្ងាច ថ្ងៃទី២០ ខែមករា (វេលានៅអាមេរិក) ដោយបានបណ្តាលឲ្យមន្រ្ដីយោធា៣នាក់ស្លាប់។

មន្ត្រីយោធា​រដ្ឋញូវយ៉ក បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ​ជួបគ្រោះថ្នាក់ខាងលើ  ជាប្រភេទ UH-60 ។ ​ឧទ្ធម្ភាគចក្រប្រភេទនេះ គឺប្រើសម្រាប់បម្រើការងារលើវិស័យសុខាភិបាលរបស់កងទ័ពអាមេរិក។ ករណីនេះ អាចបណ្ដាលមកពី​ឧទ្ធម្ភាគចក្រ ជួបនឹងបញ្ហាបច្ចេកទេស ទើបបណ្តាលឲ្យវាធ្លាក់បែបនេះ៕