យោងតាមលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានបង្ហាញដោយព័ត៌មានរ៉យទ័រ បានអោយដឹងថាគេហទំព័រ Amazon.com បានស្នើសុំជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ទាក់ទងទៅនឹងវ៉ាក់សាំងការពារជម្ងឺកូវិត- ១៩ ។ លោក Dave Clark នាយកប្រតិបត្តិពាណិជ្ជកម្មទូទាំងពិភពលោក របស់ក្រុមហ៊ុន Amazon បាននិយាយនៅក្នុងលិខិតនោះថា ក្រុមហ៊ុនលក់រាយតាមអ៊ិនធឺរណេតធំជាងគេបំផុតនៅលើពិភពលោក មានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាពដើម្បីគ្រប់គ្រងវ៉ាក់សាំង នៅតាមទីតាំងរបស់ខ្លួន ។

លើសពីការផ្តល់វ៉ាក់សាំង ដល់និយោជិក ក្រុមហ៊ុនអាម៉ាហ្សូន លោកClark និយាយថា យើងបានត្រៀមខ្លួនដើម្បីប្រើប្រាស់ប្រតិបត្តិការបច្ចេកវិទ្យាព័ត៌មានរបស់យើង និងសមត្ថភាពទំនាក់ទំនងនិងជំនាញក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងលើវ៉ាក់សាំងរបស់រដ្ឋបាលរបស់អ្នក។ ការផ្តល់ជូននេះបានធ្វើឡើងនៅពេលដែលលោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។

លោកប្រធានាធិបតី បានដាក់ចេញគោលដៅក្នុងការផ្តល់នូវវ៉ាក់សាំងការពារជម្ងឺកូវិត-19 ចំនួន ១០០ លានដូស ក្នុងរយៈពេល ១០០ ថ្ងៃដំបូងរបស់លោកនៅក្នុងការឡើងកាន់តំណែង ដែលជាការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Amazon ដែលមានគោលបំណងគាំទ្រ ប្រធានាធិបតីថ្មី។ លោក Clark បានអបអរសាទរលោក បៃដិន និងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ក្នុងពិធីឡើងកាន់តំណែងកាលពីម្សិលមិញ។

ក្រុមហ៊ុន Amazon ផ្តល់ការងារដល់ប្រជាជនជាង 8 សែននាក់ នៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យក្រុមហ៊ុនក្លាយជានិយោជកឯកជនធំជាងគេទី២ បន្ទាប់ពីក្រុមហ៊ុន Walmart ។ អ្នកធ្វើការជាង ១៩.០០០ នាក់នៅក្រុមហ៊ុន Amazon បានឆ្លងវីរុសកូរ៉ូណាគិតត្រឹមខែកញ្ញា ដោយបានបញ្ជាក់ពីសារៈសំខាន់នៃវ៉ាក់សាំងដើម្បីរក្សាបុគ្គលិករបស់ខ្លួនឱ្យមានសុវត្ថិភាព។ ក្រុមហ៊ុន Amazon បាននិយាយនៅក្នុងលិខិតថា ទំហំរបស់ក្រុមហ៊ុននឹងអនុញ្ញាតឱ្យវាមានឥទ្ធិពលក្នុងការប្រឆាំងនឹងមេរោគ ប៉ុន្តែក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតអំពីទម្រង់ដែលជំនួយក្រុមហ៊ុននឹងជួយ នោះទេ។