សម្រាប់អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រប្រាកដជាមិនដែលរំលងនូវមុខម្ហូបអប់មីសួមួយនេះឡើយ។ ប៉ុន្ដែភាគច្រើនយើងតែងតែទៅញ៉ាំនៅឯហាង ព្រោះគិតថាវាមានរសជាតិឆ្ងាញ់ ហើយគិតថាវាពិបាកធ្វើ តែពេលនេះលោកអ្នកកុំបារម្ភអីយើងនឹងបង្ហាញពីអាថ៌កំបាំងដែលអាចធ្វើឱ្យមុខម្ហូបមួយមុខនេះមានរសជាតិមិនចាញ់នឹងហាងប៉ុន្មានទេ។

គ្រឿងផ្សំ៖ បង្គា មីសួ ជីរវ៉ាន់ស៊ុយ ខ្ទឹមស ម្រេច ខ្ញី ប្រេងខ្យង ស្ករស ទឹកស៊ីអ៊ីវ សាច់ជ្រូកបីជាន់ ប្រេងល្ង ស្លឹកខ្លឹម។ គ្រឿងផ្សំទាំងអស់នេះ លោកអ្នកអាចដាក់បានតាមការចូលចិត្ត និងទៅតាមបរិមាណបង្គានិងមីសួ។

វិធីធ្វើ៖ ជំហានដំបូង យើងត្រូវលាយប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករសរួចកូរឱ្យរលាយចូលគ្នា ហើយទុកមួយអន្លើ។ បន្ទាប់មកយកឆ្នាំងដាក់លើភ្លើង ដាក់ខ្លាញ់បន្ដិច ដាក់ខ្ទឹមស ម្រេចឆាចូលគ្នាឱ្យសព្វ រហូតដល់មានក្លិនឈ្ងុយសឹមដាក់សាច់ជ្រូកបីជាន់ ដាក់ប្រេងល្ង និងគ្រឿងផ្សំផ្សេងៗដែលបានលាយទុកនោះចាក់ចូលទៅ។ ឆាមួយសន្ទុះសឹមដាក់មីសួ និងបង្គាចូលរួចបិទគម្របឆ្នាំងប្រមាណ៥នាទី ពេលឆ្អិនចាំដាក់ស្លឹកខ្ទឹម និងជីរវ៉ាន់ស៊ុយពីលើជាការស្រេច៕