ខេត្តបន្ទាយមានជ័យ៖ ជនសង័្សយម្នាក់ បានប្រើល្បិចដ៏គម្រក់ ហៅម៉ូតូឌុបជិះ ហើយចាប់ជនរងគ្រោះអារ.កប្លន់យកម៉ូតូ ហើយជិះគេចខ្លួន បានរយៈពេល១ម៉ោង ក៏ត្រូវសមត្ថកិច្ចដេញតាមក្របួចក អូសចូលទ្រុងដែក។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ នៅចំណុចខាងកើតផ្លូវ បេតុងកែងនឹងមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត​។

មន្រ្ដីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ ឈុំ ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រីឯជនរងគ្រោះ ឈ្មោះ ប្រាក់ សុខុម ភេទប្រុស អាយុ៥២ឆ្នាំ (រងរបួសក) ស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ជនរងគ្រោះ​ត្រូវបានគេដឹក​បញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកដីថ្មី។

មន្រ្ដីកងរាជអាវុធហត្ថដដែល បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង័្សយបានប្រើល្បិច ហៅម៉ូតូឌុបរបស់ជនរងគ្រោះ​ នៅម្តុំមុខរោងចក្រអេសស៊ីវ៉ាដូ ហៅ រោងចក្រឌីស ដើម្បី​ដឹកគេ (ជនសង័្សយ) ទៅផ្ទះ។ លុះពេលជនរងគ្រោះបើកម៉ូតូដឹកជនសង័្សយ​មកដល់ខាងកើតផ្លូវបេតុង កែងនឹងមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្រាប់តែជននេះបានប្រើល្បិចប្រាប់អ្នករត់ម៉ូតូឌុបឲ្យឈប់ម៉ូតូ។ ប៉ុន្ដែភ្លាមៗនោះ ជនសង័្សយបានចាប់ជនរងគ្រោះអារ.ក ហើយ​​យកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួន។

មន្រ្ដីអាវុធហត្ថដដែល បានបន្ដថា ក្រោយពេលមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចអាវុធហត្ថ​បានចេញប្រតិបត្ដិការ ដេញតាមចាប់ខ្លួនជនសង័្សយ។ លុះរយៈពេល១ម៉ោងក្រោយមក ទើប​កម្លាំងកងរាជអាវុធហត្ថ ដេញតាមឃាត់ខ្លួនជនសង័្សយបាន នៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ច​ដកហូតបានម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ  បាត់ដំបង 1AL-6110 និង​ កាំបិតចិតបន្លែមួយ​។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវគេបញ្ជូនទៅសង្រ្គោះ នៅក្នុង​មន្ទីរពេទ្យបង្អែកដីថ្មី។ ដោយឡែកជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជូនទៅកាន់​មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមច្បាប់៕​