ពាក្យថា “ ខកថេល ” (Cocktail) ជាពាក្យដែលគេហៅភេសជ្ជៈប្រភេទផ្សំ ដែលមានរយៈពេលយូរយារណាស់មកហើយ។ នៅឆ្នាំ 1776 នៅក្នុងបារ មួយកន្លែងនៅទីក្រុងញូវយ៉ក មានស្រ្តីម្នាក់បានរៀបចំតុបតែងបាររបស់ខ្លួន ដោយកន្ទុយមាន់ដែលមានពណ៌ស្រស់ស្អាតពេញបារហើយនាងមានគំនិត ច្នៃប្រឌិត ដែលប្លែកពីអ្នកដទៃ។ នាងបានដាក់កន្ទុយមាន់ (Cocktail) ចូលក្នុង ភេសជ្ជៈផ្សំគ្រប់កែវជំនួសឈើកូរទូទៅមិនយូរប៉ុន្មានបាររបស់នាងបានក្លាយ ជាកន្លែងដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តដើរកម្សាន្តពេលរាត្រី ហើយពាក្យ ថា “ ខកថេល ” មានប្រភពមកពីកន្លែងនេះ។

ពាក្យថា “ ខកថេល “ គឺជាភេសជ្ជៈប្រភេទផ្សំដែលមានជាតិស្រា(វត្ថុធាតុដើមមានជាតិអាល់គុល) មួយប្រភេទ ឬច្រើនប្រភេទដែលផ្សំជាមួយភេសជ្ជៈ។ភេសជ្ជៈមួយចំនួនអាចផ្សំជាតិអាល់គុលតែ ១ប្រភេទក្នុង១កែវ ប៉ុន្តែភេសជ្ជៈមួយចំនួនអាចមានផ្សំជាតិអាល់គុលពី 3-4 ប្រភេទ។ ឧទាហរណ៍ ភេសជ្ជៈដែលមានជាតិអាល់គុលតែ ១ ប្រភេទ ដូចជាៈ ស្គ្រូដ្រាយវើ (Screw Driver) ដែលលាយ ជាមួយ Vodka (ប្រភេទស្រាសរម្យ៉ាង) ចំណែក ប្លាត់ឌី មារី (Bloody Mary) ផ្សំជាមួយវ៉តកាដូចគ្នា ឯ ជីន ថូនិក (Gin Tonic) ផ្សំជាមួយជីនដែលមានជាតិអាល់គុល។ ចំណែកឯភេសជ្ជៈដែលផ្សំជាតិអាល់គុលច្រើនជាង ១ ប្រភេទមានដូចជា៖ សិង្ហហ្កាពួរ ស្លិង (Singapore Sling) ផ្សំជាមួយ ជីន ឆើរីប្រាន់ឌី ឃនត្រូ ឯ ហ្សមប៊ី (Zombie) ដែលស្រា ៣ ប្រភេទគឺ៖ White Rum, Black Rum និង Apricots brandy៕