បរទេស៖ រហូតមកដល់ពេលនេះ មានបណ្ដាញផ្សព្វផ្សាយ នៅលើពិភពលោក បានផ្សាយថា ប្រទេសន័រវ៉េស មានអ្នកស្លាប់ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ បន្ដកើនឡើងដល់២៣នាក់ ខណៈបារាំង មាន៥នាក់ និងឥណ្ឌាម្នាក់ ប៉ុន្ដែគេនៅមិនទាន់ដឹងថា ករណីទាំងនោះ មានការពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឬយ៉ាងណា នៅឡើយទេ។

​បើតាមបណ្ដាញផ្សព្វផ្សាយបរទេស បានឱ្យដឹងថា អ្នកស្លាប់នៅក្នុងប្រទេស​បារាំង គឺមានអាយុ​ចាប់ពី៧៥ឆ្នាំឡើង រស់នៅក្នុងផ្ទះ​ ហើយពួកគាត់មិនមែនរស់នៅក្នុងមណ្ឌលចាស់ជរានោះឡើយ និងមានជំងឺប្រចាំកាយជាច្រើនមុខថែមទៀតផង។ រីឯក្រុមមន្រ្ដីជំនាញ​បារាំង កំពុងតែ​ស្រាវជ្រាវ លើករណីអ្នកស្លាប់ទាំងនោះ ថាតើមនុស្សចាស់ទាំង៥នាក់​នោះ ស្លាប់ដោយសារការចាក់វ៉ាក់សាំងបង្ការកូវីដ​-១៩ឬយ៉ាងណា?

ប្រភពព័ត៌មានដដែល​បានបន្ដថា ​ក្រៅពីមានមនុស្ស​៥នាក់ស្លាប់ ក៏នៅមានករណីប្រតិកម្មតិចតួច​ រហូតដល់ទៅ​១៣៩នាក់ ក្រោយការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ។ ដោយឡែកមាន៣​​ករណីផ្សេងទៀតបានស្លាប់ ហើយត្រូវបានផ្តល់ព័ត៌មានដល់កម្លាំងប៉ូលិស គឺម្នាក់​ នៅ Nancy ម្នាក់ នៅទីក្រុង ​Tours និងម្នាក់ទៀត នៅ​ Montpellier ប្រទេសបារាំង។

ដោយឡែកនៅ​ប្រទេសន័រវ៉េសឯណោះវិញ មន្ត្រីសុខាភិបាល បានប្រកាសថា ​ចំនួនអ្នកស្លាប់បានកើនឡើងដល់ទៅ ២៣នាក់ ក្រោយការចាក់វ៉ាក់សាំង បានរយៈពេល​១០ថ្ងៃ។​ ចំណែកវ៉ាក់សាំងដែលប្រទេសន័រវ៉េស ទិញយកមកចាក់ជូនពលរដ្ឋនោះ ​ផលិតដោយក្រុមហ៊ុនPfizer របស់អាមេរិក និង BioNTech របស់អាល្លឺម៉ង់។ រីឯមន្រ្ដីជំនាញសុខាភិបាលរបស់ប្រទេសនេះ ក៏កំពុងតែពិនិត្យមើលលើករណីនេះផងដែរ ថាតើវាមានការពាក់ព័ន្ធនឹងវ៉ាក់សាំងដែរទេ។

ជាមួយគ្នានេះដែរ នៅក្នុងប្រទេសឥណ្ឌា ក៏មានករណីមន្រ្ដីសុខាភិបាលម្នាក់ បានស្លាប់ក្រោយការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ បានរយៈពេល១៨ម៉ោង។ នេះបើតាមសារព័ត៌មាន India Today ចេញផ្សាយ កាលពីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានចំនួន​១៣នាក់ ត្រូវ​បានវះត្រួតពិនិត្យមូលហេតុពិតប្រាកដនៃការស្លាប់ទាំងនោះ។ លទ្ធផលបានបង្ហាញថា​ វាមានប្រតិកម្មតិចតួច ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដ​-១៩ ហើយបូកផ្សំជាមួយជំងឺប្រចាំកាយផង ទើបធ្វើឲ្យមានប្រតិកម្ម កាន់តែខ្លាំងរហូតដល់ស្លាប់បែបនេះ។

ទោះជាយ៉ាងណា​​ មជ្ឈមណ្ឌលចាស់ជរាន័រវ៉េស បានស្នើឲ្យមន្រ្ដីជំនាញសុខាភិបាល ត្រូវត្រួតពិនិត្យឲ្យបានល្អិតល្អន់ មុនពេលចាក់វ៉ាក់សាំងបង្ការកូវីដ​-១៩​​ ជូនដល់មនុស្សចាស់ជរាទាំងនោះ៕