West Bengal, Jan 18 (ANI): A medic administers the COVID-19 vaccine to the frontline worker during a COVID-19 vaccination drive, in Kolkata on Monday. (ANI Photo)

បរទេស៖ មន្រ្ដីសុខាភិបាលឥណ្ឌាម្នាក់ បានស្លាប់ កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកព្រលឹម ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រោយពេលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ អស់រយៈពេលជាច្រើនម៉ោងនោះមក។

បើតាមសារព័ត៌មាន India Today បានចេញផ្សាយ កាលពីវេលាម៉ោង៧ និង៥១នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ថា​ មន្រ្ដីសុខាភិបាលរូបនេះ មានអាយុ៤២ឆ្នាំ បានស្លាប់ ក្រោយពេល ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនកន្លងមក។ មន្រ្ដីរូបនេះបានចាក់វ៉ាក់សាំង នៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅក្នុង Kuntala PHC ស្រុក Nirmal រដ្ឋ Telangana  ប្រទេសឥណ្ឌា។ ក្រោយមក គាត់បានស្លាប់ នៅវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក។

ប្រភពព័ត៌មានដដែល បានបន្ដថា​ ក្រោយពេលចាក់វ៉ាក់សាំងនោះមក មន្រ្ដីសុខាភិបាលរូបនោះ បានចាប់ផ្ដើមឈឺដើមទ្រូង នៅវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ប៉ុន្ដែក្រោយមក គេបានបញ្ជូនគាត់ទៅមន្ទីរពេទ្យ ជាកន្លែងដែលគាត់បានស្លាប់​។

ដោយឡែកគណៈកម្មាធិការស្រុក AEFI (Adverse event following immunization Committee) បានឲ្យដឹងថា  បើតាមការពិនិត្យជាបឋម ករណីស្លាប់របស់មន្រ្ដីសុខាភិបាលខាងលើនេះ មិនមានការពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនោះឡើយ។

ទោះជាយ៉ាងណា​ ក្រុមវេជ្ជបណ្ឌិតនៅតែបន្ដស្រាវជ្រាវលើករណីនេះបន្ថែមទៀត។ រីឯគណៈកម្មាធិការ​ AEFI ថ្នាក់ស្រុក កំពុងតែពិនិត្យលើបញ្ហានេះ ហើយនឹងដាក់របាយការណ៍របស់ខ្លួនជូនទៅ​គណៈកម្មាធិការ AEFI ថ្នាក់រដ្ឋ។ ចំណែកឯគណៈកម្មាធិការ AEFI ថ្នាក់រដ្ឋ នឹងពិនិត្យមើលលើសេចក្ដីរាយការណ៍របស់ខ្លួន មុននឹងដាក់ជូនគណៈកម្មាធិការកណ្ដាល AEFI ត្រួតពិនិត្យ៕