អន្តរជាតិ ៖ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីគេបានឃើញនារីម្នាក់ដែលមានគីឡូធ្ងន់ និងធាត់ ប៉ុន្តែនាងអាចដើរនៅលើវេទិកានៃកម្មវិធីបវរកញ្ញាផែនដី នៃសហរដ្ឋអាមេរិកដោយជំនឿចិត្តយ៉ាងខ្ពស់បំផុតរហូតធ្វើឲ្យមានការកោតសរសើរយ៉ាងខ្លាំងពីបណ្តាអ្នកទស្សនានៅលើពិភពលោក។


កញ្ញា Emma Loney គឺជាបវរកញ្ញាមួយរូបនៅកក្នុងរដ្ឋ Wisconsin នៃសហរដ្ឋអាមេរិក។ នាងមានទម្ងន់ធ្ងន់ និងមានរូបរាងធាត់ ក៏ប៉ុន្តែនាងគឺជាមនុស្សស្រីមួយរូបដែលមានទំនុកចិត្តខ្ពស់បំផុត ខណៈពេលដែលមនុស្សស្រីដទៃដែលមានរូបរាងធាត់មានការខ្លាចរអាជាមួយនឹងការមើលមករូបរាងរបស់ខ្លួន។


Emma Loney បានចូលរួមប្រកួតប្រជែងផ្នែកបវរកញ្ញាតាំងពីឆ្នាំ ២០១៣ និងបានកាន់តំណែងជាបវរកញ្ញាឯក Wisconsin សហរដ្ឋអាមេរិកប្រចាំឆ្នាំ ២០១៥ ខណៈពេលដែលនាងបានឈរនៅចំណាត់ថ្នាក់លេខ ៥ ចំណែកឯការប្រកួតនៅថ្នាក់ជាតិនាងទទួលបានចំណាត់ថ្នាក់លេខ១០ គឺជា Miss Wisconsin Earth United States ក្នុងឆ្នាំ២០១៧។


នៅឆ្នាំ២០១៩ កញ្ញា Emma Loney បានចូលរួមប្រកួតប្រជែងបវរកញ្ញាឯកអាមេរិក ដើម្បីដណ្តើមយកដំណែងបវរកញ្ញាសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ និងមានឱកាសឈានទៅប្រកួតនៅឯសហរដ្ឋអាមេរិក ខណៈពេលដែលនាងឈ្នះក្នុងការថតរូប។


បើទោះបីជានាងមានរូបរាងធាត់ក៏ពិតមែន ប៉ុន្តែនាងនៅតែមិនអស់សង្ឃឹមនោះឡើយ ហើយនាងក៏មានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្តាញសង្គម Instagram ខណៈពេលដែលនាងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅនៅក្នុងពិភពលោក៕