ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករ ក្នុងការដាំរុក្ខជាតិដំណាំហូបផ្លែ ផ្សេងៗ ជាពិសេសការបង្កាត់ពូជ ដោយមិនប្រើគ្រាប់ដូចជា ការបំបៅ ការតខ្នែង ការតមែក ឬចុង ជាដើម វាធ្វើឱ្យចំណេញពេលវេលា ឆាប់បានទទួលទិន្នផល។

ការបំបៅមែក គឺជាការបង្កាត់ពូជដោយប្រើមែករបស់រុក្ខជាតិ មានដំណាក់កាលដូចខាងក្រោម៖
១. ជ្រើសរើសមែកដែលល្អ និងមិនចាស់ពេក ស្លឹកល្អ គ្មានរោគ ឬសត្វបំផ្លាញបានទទួលពន្លឺថ្ងៃគ្រប់គ្រាន់។
២. កាត់សំបកចេញ ជុំវិញមែកចេញប្រវែង 1 ថ្នាំងដៃ។
៣. យកស្រកីដូងហើយដំឱ្យទក់ យកទៅត្រាំទឹក ហើយពូត ឱ្យសល់ទឹកសើមៗ ដាក់ក្នុងថង់ រួចយកទៅរុំមែកដែល ចង់បំបៅ។
៤. ស្រោចទឹកជាប្រចាំ នៅពេលមែកដែលបំបៅដុះឬស ពណ៌លឿងត្នោត ចុងឬសពណ៌ស (ក្រោយពេលបំបៅ 1-2 ខែ) ទើបអាចកាត់បាន។
៥. យកមែកទៅផ្សាំ 1-2 ខែ ហើយនាំយកទៅដាំបាន។
ការតមែក

ការតមែក គឺជាការយកមែកពូជល្អមកតភ្ជាប់ដើមដែលត្រូវការត និយមប្រើសម្រាប់ការប្តូរពូជដែលល្អជាង ដែលកសិករត្រូវការ ព្រោះទទួលបានផលល្អដូចជាៈ ដើមស្វាយ ខ្នុរ ស្ពឺ ជាដើម។

១. ការតមែកបែបសម្រួចភ្ជាប់៖ រុក្ខជាតិ ឬដំណាំដែលនិយមមានដូចជា ទៀប ទទឹម Croton ផ្កាក្រដាសជាដើម។
ក. កាត់មែក ឬដើមដែលត្រូវការត ឱ្យសល់ប្រវែងប្រហែល 4 ថ្នាំងដៃ រួចពុះឱ្យចំកណ្តាលមែក ឬដើមដែលចង់ដោតភ្ជាប់ ឱ្យជ្រៅប្រហែល 2 ថ្នាំដៃ។
ខ. នាំយកមែកពូជល្អមកសម្រួច ប៉ុន្តែឱ្យចេញជារាងសំប៉ែតបន្តិច ប្រវែង 2 ថ្នាំដៃ។
គ. យកមែកពូជល្អដោតភ្ជាប់មែក ឬដើមដែលត្រូវការត ឱ្យមែកទាំងពីរចូលគ្នាក្លាយជាដើមតែមួយ រួចយកខ្សែចងស្នាមត ទាំងខាងលើ និងខាងក្រោមឱ្យណែន។
ឃ. យកថង់ប្លាស្ទិកមកឃ្លុមហើយចងឱ្យជិត រួចយកទៅទុកនៅក្នុងម្លប់។

ចំណាំ៖ ប្រសិនបើ មែកឬដើមនៅកណ្តាលថ្ងៃ បន្ទាប់ពីឃ្លុមថង់ប្លាស្ទិកហើយ ត្រូវឃ្លុមដោយក្រដាសមួយជាន់ទៀត ដើម្បីមិនឱ្យពន្លឺថ្ងៃចូលបាន។
•រយៈពេល 15-20 ថ្ងៃ នឹងសង្កេតឃើញបណ្តូលថ្មី ឬចេញស្លឹកថ្មី គួរយកថង់ប្លាស្ទិកចេញ។
•រយៈពេល 30 ថ្ងៃ ស្រាយខ្សែចេញឱ្យអស់ បន្ទាប់មកយកទៅដាំ ឬមើលថែឱ្យបានល្អ៕