បរទេស៖ មនុស្សនៅលើពិភពលោក តែងតែដឹងយ៉ាងជាក់ច្បាស់ថា ប្រធានាធិបតីអាមេរិក ជាមនុស្សដ៏មានឥទ្ធិពលបំផុត នៅលើផែនដីនេះ ប៉ុន្ដែគេមិនបានដឹងថា ក្រោយពេលប្រធានាធិបតីអាមេរិក បានបញ្ចប់មុខតំណែង ឬអស់អាណត្ដិរបស់គាត់ទៅ ថាតើគាត់នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

ប្រធានាធិបតីសហរដ្ឋអាមេរិក ជាមនុស្សដ៏មានអំណាចបំផុត នៅលើពិភពលោក ប៉ុន្ដែក្រោយពេលគាត់បញ្ចប់អាណត្ដិទៅ ច្បាប់នៃប្រទេសនេះ ក៏បានរៀបចំឲ្យអតីតប្រធានាធិបតី រស់នៅយ៉ាងសុខស្រួល ប្រហាក់ប្រហែលនឹងប្រធានាធិបតីកំពុងកាន់តំណែងផងដែរ។ ប្រធានាធិបតីសហរដ្ឋអាមេរិក ទទួលបានអត្ថប្រយោជន៍ជាច្រើន ក្រោយពេលគាត់ផុតអាណត្ដិ ឬបញ្ចប់មុខតំណែងរបស់គាត់ រួមមាន៖១-គ្រប់ប្រធានាធិបតីអាមេរិក ក្រោយពេលចប់អាណត្ដិ ហើយដើរចេញពីសេតវិមានភ្លាម គឺគាត់ទទួលបានប្រាក់ ចំនួន៩០ម៉ឺនដុល្លារអាមេរិក។ ប្រាក់ទាំងនេះ ​គឺសម្រាប់អន្ដរកាល ក្រោយពេលគាត់អស់តំណែងជាប្រធានាធិបតី ហើយក្លាយជាពលរដ្ឋសាមញ្ញ និងក៏ជាប្រាក់សម្រាប់គាត់ដឹកជញ្ជូនអីវ៉ាន់របស់គាត់ផងដែរ។​

២-អតីតប្រធានាធិបតីទទួលបានប្រាក់សោធននិវត្ដន៍​ ជាង៥០ភាគរយ នៃប្រាក់ខែរបស់គាត់ កាលនៅជាប្រធានាធិបតី(៤៤ម៉ឺនដុល្លារក្នុង១ឆ្នាំ)  ឬស្មើនឹង២១ម៉ឺនដុល្លារអាមេរិក។ អតីតប្រធានាធិបតី ទទួលបានប្រាក់នេះ រហូតអស់មួយជីវិត។​

៣-គ្រប់អតីតប្រធានាធិបតីទាំងអស់ ខណៈនៅមានជីវិតតែងទទួលបានកិច្ចការពារសន្ដិសុខ ​ដូចជា ប្រធានាធិបតី រហូតអស់មួយជីវិត​។ ដោយឡែក ភរិយារបស់គាត់ ក៏ទទួលបានកងអង្គរក្សការពារ អស់មួយជីវិតផងដែរ។ ​លើកលែងតែក្រោយពេលអតីតប្រធានាធិបតីស្លាប់ទៅ ហើយប្រពន្ធរបស់គាត់មានប្ដីថ្មីទៀត ទើបលែងមានកងការពារ​។ ចំណែកកូនរបស់អតីតប្រធានាធិបតីវិញ ក៏ទទួលបានកិច្ចការពារ ពីកងការពារប្រធានាធិបតី រហូតដល់អាយុ១៦ឆ្នាំថែមទៀតផង។​

៤-គ្រប់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ​ទទួលបានប្រាក់ចំនួន១៥ម៉ឺនដុល្លារ ក្នុងរយៈពេល២ឆ្នាំកន្លះ សម្រាប់ជួលបុគ្គលិក ធ្វើការជូនគាត់។ អតីតប្រធានាធិបតីទទួលបាន២ឆ្នាំដំបូង ចំនួន១៥ម៉ឹនដុល្លារ ហើយនៅឆ្នាំទី៣ ទទួលបាន​ ៩៦ ០០០ដុល្លារ រហូតទៅ។

៥-អតីតប្រធានាធិបតីអាមេរិក ទទួលបានថវិកាពីរដ្ឋលើការជួលការិយាល័យរបស់គាត់។ រដ្ឋចេញថវិកាលើការចំណាយ សម្រាប់ការជួលការិយាល័យ ដោយអាស្រ័យទៅលើ​បន់ថ្លៃ ឬថោក ដែលគាត់ជួលតែប៉ុណ្ណោះ។

៦-អតីតប្រធានាធិបតី ទទួលបានការធានាសុខភាព ដូចប្រធានាធិបតីដែរ។ ប៉ុន្ដែបើគាត់កាលនៅជាប្រធានាធិបតី បានកាន់តែតំណែង រយៈពេល៥ឆ្នាំ មានន័យថា គាត់ទទួលបានការពិនិត្យ ព្យាបាល និងថែទាំសុខភាព នៅក្នុងមន្ទីរពេទ្យយោធាពេញលេញ ដូចជា ប្រធានាធិបតីកំពុងកាន់តំណែងផងដែរ។ ចំណែកភរិយារបស់អតីតប្រធានាធិបតីវិញ ក៏ទទួលបានប្រាក់ធានាសុខភាព ​ចំនួន២ម៉ឺនដុល្លារអាមេរិក ក្នុង១ឆ្នាំ។ លើកលែងតែករណី គាត់បានរៀបការជាមួយប្ដីថ្មី ក្រោយពេលអតីតប្រធានាធិបតីស្លាប់ទៅ។

៧-អតីតប្រធានាធិបតីទទួលបានការធ្វើបុណ្យសព តាមការចង់បានរបស់គាត់។ នៅពេលគាត់ឡើងកាន់តំណែងជាប្រធានាធិបតី បើតាមច្បាប់អាមេរិក តម្រូវឲ្យគាត់សរសើរនូវមរតកសាស្រ្ដ ហើយនៅពេលគាត់ស្លាប់ គាត់នឹងទទួលបានការធ្វើបុណ្យ តាមបណ្ដាំរបស់គាត់ ​ជាលក្ខណៈសាមញ្ញ ឬធ្វើបុណ្យតាមផ្លូវរដ្ឋ។​

៨-គ្រប់អតីតប្រធានាធិបតី នៅមានជីវិត ត្រូវទទួលបានព័ត៌មាន​សម្ងាត់ ពីក្រុមស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដូចជា ប្រធានាធិបតីដែរ។

ដោយឡែកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវផុតអាណត្ដិ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ (វេលានៅអាមេរិក) ហើយត្រូវបានតំណាងរាស្រ្ដ មកពីគណបក្សប្រជាធិបតេយ្យ ព្យាយាមដកហូតអត្ថប្រយោជន៍ខាងលើនេះ។ ប៉ុន្ដែអ្វីដែលសភាអាមេរិក មានការព្រួយបារម្ភខ្លាំងនោះ ត្រង់ថា នៅពេលលោក ដូណាល់ ត្រាំ ទទួលបានព័ត៌មានស្ងាត់ ពីភ្នាក់ងារសម្ងាត់អាមេរិកហើយ អាចនឹងធ្វើឲ្យបែកការតែប៉ុណ្ណោះ។ ចំពោះរឿងបញ្ហាថវិកា គឺគេមិនបានព្រួយបារម្ភអ្វីនឹងលោក ត្រាំ នោះឡើយ ព្រោះគាត់​ជាមហាសេដ្ឋី ហើយធ្វើជាប្រធានាធិបតី មិនទាំងយកប្រាក់ខែផង៕