លក្ខណៈតូចតាចទាំង៥ នេះហើយដែលមនុស្សប្រុសភាគច្រើនឈ្លក់វង្វេង ហើយកាន់តែចង់ស្វែងយល់ពីមនុស្សស្រីជាទីបំផុត។
១. ដឹងថាពេលណាគួរនិយាយ ពេលណាមិនគួរនិយាយ៖ អ្នកដែលបានសម្ដី កុំទាន់អាលអន់ចិត្តអីណា តែវិទ្យាសាស្រ្ដបានបង្ហាញថា មនុស្សស្រីដែលមិនសូវចេះនិយាយស្ដី មានភាពទាក់ទាញម៉្យាងធ្វើឱ្យមនុស្សទូទៅមានអារម្មណ៍ថាស្វែងយល់ពីចិត្តគំនិតគេកាន់តែខ្លាំង។ តែនេះមិនមែនមានន័យថាត្រូវតែស្ងាត់មាត់ឈឹងរហូតនោះទេ ពេលដែលត្រូវនិយាយក៏និយាយមកដោយភាពជឿជាក់ សមហេតុផល។

២. មានបំណងប្រាថ្នាផ្ទាល់ខ្លួនក្នុងជីវិត៖ បើសិនជាអ្នកមានសំណាងអាចវាស់ស្ទង់ថាខ្លួនឯងចង់បានអ្វីហើយនោះ គួរតែកុំបង្អង់យូរ ចាប់ផ្ដើមបោះជំហានទៅមុខតែម្ដងទៅ។ មនុស្សស្រីដែលហ៊ានតស៊ូពុះពារ ដើម្បីក្ដីស្រមៃខ្លួន គឺមានភាពទាក់ទាញបំផុតហើយ។

៣. ចេះថែទាំខ្លួនឯងទាំងរូបរាងកាយ និងចិត្តគំនិត៖ លើលោកនេះប្រហែលជារកមិនបានទេ មនុស្សដែលមិនពេញចិត្តមនុស្សស្រីដែលចេះមើលថែខ្លួនឯង មិនចេះតែទោរទន់ទៅតាមគំនិតអ្នកផងនោះ។ ការចេះគិតគូរពីខ្លួនឯងបែបនេះ ក៏ជាសញ្ញាបង្ហាញឱ្យអ្នកដទៃដឹងបានថា អ្នករៀនចេះស្រឡាញ់ខ្លួនឯងហើយ ហេតុនេះទាល់តែមនុស្សដែលមានលក្ខណៈពិសេសខ្លាំងបន្ដិច ទើបអាចមានសិទ្ធដើរចូលក្នុងជីវិតអ្នក បាន។

៤. ចេះថ្លឹងថ្លែង មិនធ្វើតាមអារម្មណ៍៖ លក្ខណៈបែបនេះនៃមនុស្សស្រីអាចជួយបង្កើនភាពទាក់ទាញមួយកម្រិតទៀត។ ទោះមើលពីសម្បកក្រៅទៅអ្នកជាមនុស្សដែលស្ងប់ស្ងាត់ តែនៅខាងក្នុងជម្រៅចិត្តនេះអាចស្វែងយល់ពីស្ថានការណ៍ និងមនុស្សជុំវិញខ្លួនដូចគេដូចឯងដែរ តែគ្រាន់តែអ្នកដឹងថាអារម្មណ៍បែបណាគួរតែបង្ហាញចេញមកក្រៅ ហើយអារម្មណ៍បែបណាគួរតែលាក់ទុកនោះ។

៥. មិនចេះតែព្រមតាមអ្នកដទៃ៖ ការដែលចេះអាកាត់ និងសម្រេចជោគវាសនាខ្លួនឯងបែបនេះ ជួយឱ្យពិន្ទុនៃភាពទាក់ទាញរបស់មនុស្សស្រីកាន់តែកើនឡើងថែមទៀត ព្រោះមនុស្សស្រីបែបនេះចេះគោរពខ្លួនឯង ព្រមទាំងទាមទារឱ្យអ្នកដទៃគោរពខ្លួនឯងដូចគ្នា៕