មានមនុស្សជាច្រើនតែងមានបញ្ហាផ្លូវចិត្ត និងសុខភាពរាងកាយខ្សោយផងដែរ។ មានជំងឺមួយដែលអ្នកជួបរាល់ថ្ងៃ គឺជំងឺស្រ្តេស មកពីអ្នកមិនអាចគ្រប់គ្រងផ្លូវចិត្ត ឬរងសម្ពាធការងារ និងសង្គម។ ថ្ងៃនេះ យើងមកដឹងអំពីវិធីបំបាត់ស្រ្តេសឱ្យបានល្អបំផុត។

១. ហេតុអ្វីស្រ្តេសធ្វើឱ្យឡើងគីឡូ?
មនុស្សជាច្រើនមានចម្ងល់ថា ហេតុអ្វីកាន់តែស្រ្តេសធ្វើឱ្យអ្នកឡើងគីឡូ? មានការស្រាវជ្រាវទៅលើសក់មនុស្ស មានប្រវែង ២ សងទីម៉ែត្រ ដែលមានមនុស្សចូលរួម ២.៥២៧ នាក់ក្នុងរយៈពេល ៤ ឆ្នាំ ដើម្បីធ្វើការពិសោធកម្រិតអរម៉ូនស្រ្តេសនេះ(អរម៉ូន Cortisol)។ ពេលគេធ្វើការពិសោធអរម៉ូន cortisol នេះ វាមានតួនាទីផលិតក្រពេញ Adrenal នេះ ដែលគេហៅជាញឹកញាប់ “ អរម៉ូនស្ត្រេស” ពីព្រោះថា នៅពេលយើងមានភាពតានតឹង រាងកាយយើងក៏ចាប់បញ្ចេញអរម៉ូន cortisol បន្ថែមទៀត ដើម្បីធ្វើការប្រឆាំងជំងឺស្រ្តេសនេះ។ ពេលរាងកាយយើងបញ្ចេញអរម៉ូន cortisol កាន់តែខ្លាំង វាធ្វើឱ្យយើងមានអារម្មណ៍ឃ្លានអាហារ ដើម្បីមានថាមពលឡើងវិញ អាហារដែលយើងជ្រើសញ៉ាំនោះ ជាអាហារចៀន អាហារជាតិខ្លាញ់ និងជាពិសេសជាតិផ្អែមមានកាឡូរីខ្ពស់… ។ នេះជាមួលហេតុ ដែលធ្វើឱ្យកាន់តែស្រ្តេស អ្នកកាន់តែធាត់ឡើង។

២. ការធ្វើលំហាត់ប្រាណកាត់បន្ថយស្រ្តេស
តាមការស្រាវជ្រាវបានរកឃើញថា ការធ្វើលំហាត់ប្រាណ ជួយការបន្ថយជាតិស្រ្តេស ដែលបញ្ចេញពីសារធាតុពីខួរក្បាល ដែលគេហៅថា neurotransmitters។ ហើយវាមានទំនាក់ទំនងជាមួយអារម្មណ៍ និងផ្លូវចិត្ត។ ការធ្វើលំហាត់ប្រាណជាប្រចាំធ្វើឱ្យយើងមានអារម្មណ៍ស្រួលខ្លួនឡើងវិញ។ តាមការចុះផ្សាយ Multimedia បាននិយាយថា “ការធ្វើលំហាត់ប្រាណ ជាជម្រើសមួយដ៏ល្អ ដែលមនុស្សគ្រប់គ្នាគគួរហាត់ជាប្រចចាំ ដើម្បីកាត់បន្ថយជំងឺស្រ្តេសនេះ និងរាងកាយរឹងមាំ។” តាមរៀបចំចុះផ្សាយ Ladytip បានសរសេរមាន ៥ ចំណុចដូចជា៖

•ការធ្វើលំហាត់ប្រាណជួយបំបាត់ការថប់បារម្ភ ឬស្រ្តេស។ ហើយវាជួយកាត់បន្ថយភាពតានតឹងនៃប្រព័ន្ធសរសៃប្រសាទ រួមទាំងភាពតានតឹងនៃសាច់ដុំ ដែលបណ្តាលមកពីការតានតឹងការថប់បារម្ភនេះ។ ហើយវាជួយឱ្យអ្នកគេងលក់ស្រួលផងដែរ។
•ការធ្វើលំហាត់ប្រាណ ធ្វើឱ្យរាងកាយរបស់អ្នកភ្ញាក់ បេះដូងលោត មានការផ្តោតអារម្មណ៍បានល្អលើការងារ ឬមានសមត្ថភាពក្នុងការយល់អ្វីៗនៅជុំវិញខ្លួនឯងបាន។
•វាជួយឱ្យអ្នកមានអារម្មណ៍ធូរស្បើយ នេះដោយសារតែរាងកាយបញ្ចេញអរម៉ូន endorphins ដែលជាសារធាតុដែលជួយឱ្យអ្នកមានអារម្មណ៍ធូរស្បើយ ក្នុងរយៈពេល ៩០-១២០ នាទីបន្ទាប់ពីហាត់ប្រាណរួច។
•វាជួយឱ្យគេងលក់ស្រួល ពីការពិតដែលថា សាច់ដុំខុសគ្នា នៃរាងកាយបញ្ចេញថាមពល រួមទាំងគំនិតច្បាស់លាស់។
•ការពារការកើតឡើងនៃជំងឺផ្សេងៗ ពីភាពតានតឹងរួមទាំងជំងឺលើសឈាម, ជំងឺបេះដូង និងកូលេស្តេរ៉ុលខ្ពស់។

ការធ្វើលំហាត់ប្រាណជួយដល់សុខភាពជាច្រើនដូចជាការពារជំងឺធាត់ លើសឈាម និងពង្រឹងប្រព័ន្ធសរសៃរាងកាយកាន់តែរឹងមាំឡើង។ បើអ្នកមានស្រ្តេសខ្លាំងពេក អ្នកមិនគួរទៅធ្វើលំហាត់ប្រាណទេ វាអាចនាំឱ្យដាច់សរសៃឈាមខួរក្បាល។ អ្នកគួរសម្រួលអារម្មណ៍ឱ្យបានល្អជាមុនសិនដើម្បីធ្វើលំហាត់ប្រាណបានល្អ និងកាត់បន្ថយជាតិស្រ្តេស៕