ភ្នំពេញ៖ ក្រោយពីម្ចាស់រៀបចំកម្មវិធីគំរាមដកតំណែងកញ្ញា សេង រដ្ឋា ពីកញ្ញាឯក Miss Grand Cambodia 2020 កាលពីថ្ងៃទី១៩ ខែមករា ម្សិលមិញមក គេហទំព័រផ្លូវការកញ្ញាឯកនានានៅក្នុងតំបន់ជាច្រើនបាននិងកំពុងមានការចាប់អារម្មណ៍ខ្លាំងទៅលើកបញ្ហានេះ ពិសេសគណនីយហ្វេសប៊ុកផ្លូវការមួយចំនួនរបស់ប្រទេសថៃ មានការចែករំលែកព័ត៌មានដ៏រសើបនេះ ហើយអ្នកលេងហ្វេសប៊ុកជនជាតិថៃជាច្រើន ក៏បានខមិនពាក្យលេបខាយឌឺដងផ្លែផ្កាពីបញ្ហាផងដែរ។

គេហទំព័រកញ្ញាឯកឈ្មោះ ASEAN Beauty Pageant, គេហទំព័រSEA Pageant និងគេហទំព័រមួយចំនួនទៀត បានបង្ហោះសារមានខ្លឹមសារប្រហាក់ប្រតហែលគ្នាថា៖ សេង រដ្ឋា កញ្ញាឯក Miss Grand Cambodia បានដកខ្លួនចេញដោយខ្លួនឯង ដោយអ្នករៀបចំកម្មវិធីមិនបានផ្តល់ជំនួយណាមួយសម្រាប់ការបណ្តុះបណ្តាលបង្ហាញម៉ូត និងថតរូបរបស់នាង រួមទាំងរង្វាន់ដែលនាងបានឈ្នះពីមុនផងដែរ។ ដោយសារបញ្ហានេះនាងត្រូវចំណាយលុយផ្ទាល់ខ្លួនសម្រាប់ការបណ្តុះបណ្តាល និងការថតរូប។ តែម្ចាស់រៀបចំកម្មវិធី Miss Grand Cambodia បែរជាខឹងនឹងនាង ហើយចង់ដកតំណែងនាងចេញទៀត។

ការផ្ទុះរឿងរ៉ាវចម្រូងចម្រាសរហូតដល់ម្ចាស់រៀបចំកម្មវិធីគំរាមដកតំណែងកញ្ញា សេង រដ្ឋា ពីកញ្ញាឯក Miss Grand Cambodia 2020 នេះ ផ្តើមចេញពីការជជីកសួរពីសំណាក់អ្នកគាំទ្របានសួរសំណួរទៅកាន់កញ្ញាសេង រដ្ឋា ថា តើនាងបានត្រៀមអ្វីខ្លះមុនពេលចេញទៅប្រកួត Miss Grand International 2020-2021 ដែលនឹងត្រូវធ្វើឡើងនៅប្រទេសថៃ នាអំឡុងខែមីនាខាងមុខនេះ? នាងតបទៅវិញថានាងនៅមិនទាន់ទទួលបានការហ្វឹកហាត់ណាមួយពីអ្នកផលិតកម្មវិធីនៅឡើយ ចាប់តាំងពីនាងបញ្ចប់ការប្រកួតមក។ ចម្លើយនេះហើយដែលនាំឲ្យក្រុមហ៊ុនមានការអាក់អន់ចិត្ត ហើយចោទថា គឺកញ្ញាឯក សេង រដ្ឋា វិញទេ ដែលមិនមានពេលគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន និងបានគំរាមដកតំណែងកញ្ញា សេង រដ្ឋា ពីកញ្ញាឯក Miss Grand Cambodia 2020 ទៀតផង៕