នៅក្នុងរដូវរងារនេះ មិនថាក្មេងឬមនុស្សធំនោះទេ ភាគច្រើនតែងតែកើតនូវអាការៈផ្ដាសាយ តឹងច្រមុះ ហៀរសំបោរ។ ពិសេសទារកតូចៗងាយកើតនូវអាការៈនេះខ្លាំងជាងគេដោយសារពួកគេមានមានប្រព័ន្ធការពារខ្សោយ និងស្បែកស្ដើងទើបធ្វើឲ្យរាងកាយរបស់ពួកគេឆាប់អស់កម្ដៅនៅពេលត្រូវខ្យល់។ ដូចនេះឪពុកម្ដាយដែលជាអាណាព្យាបាលរបស់ទារកគួរយល់ដឹងឲ្យបានច្បាស់ពីវិធីសាស្ត្រការពារសុខភាពទារកនៅក្នុងរដូវរងារ។ ទាំងនេះគឺជា វិធីសាស្ត្រទាំង ៥ ចំណុចក្នុងការថែរក្សាសុខភាពទារកក្នុងរដូវរងារ៖

១. ប្រុងប្រយ័ត្ននៅពេលទារកចេញក្រៅ៖ មុនពេលចេញទៅខាងក្រៅ លោកអ្នកគួរពិនិត្យពីសីតុណ្ហភាពខាងក្រៅជាមុនសិន ហើយគួរជៀសវាងនាំទារកចេញទៅក្រៅនៅពេលមេឃចុះត្រជាក់ខ្លាំង។ លោកអ្នកក៏ត្រូវពិនិត្យលើស្បែករបស់ពួកគេផងដែរនៅពេលចេញទៅខាងក្រៅដើម្បីជៀសវាងការឡើងកន្ទួលក្រហមដែលបណ្ដាលពីអាកាសធាតុត្រជាក់។

២. ស្លៀកពាក់ឲ្យបានត្រឹមត្រូវ៖ លោកអ្នកគួរស្លៀកពាក់ឲ្យទារកឲ្យបានជិតល្អដើម្បីការពារកុំឲ្យទារកត្រូវខ្យល់ត្រជាក់ខ្លាំងពេក ដែលជាមូលហេតុធ្វើឲ្យពួកគេផ្ដាសាយ។ នៅពេលធ្វើដំណើរទៅខាងក្រៅ គួរស្លៀកពាក់ឲ្យបានក្រាស់ល្មម ពាក់ស្រោមជើង ស្រោមដៃ និងមួក។ ប៉ុន្តែគួរជៀសវៀងស្លៀកពាក់ច្រើនជាន់ពេកដែលធ្វើឲ្យទារកហប់ និងពិបាកដកដង្ហើមទៅវិញ។

៣.រក្សាសីតុណ្ហភាពសមល្មមនៅកន្លែងគេង៖ លោកអ្នកត្រូវត្រួតពិនិត្យពីខ្យល់ចេញចូលក្នុងបន្ទប់ កម្ដៅនៅកន្លែងទារករស់នៅ។ ប្រសិនបើមានខ្យល់ចូលខ្លាំងពេក លោកអ្នកគួរប្រើក្រណាត់ឬវាំងននយកមកបាំងដើម្បីរក្សាកម្ដៅនៅក្នុងបន្ទប់ឲ្យសមល្មម។

៤. ប្រើប្រាស់សារធាតុផ្ដល់សំណើម៖ ស្បែកទារកក្នុងរដូវរងារងាយប្រតិកម្ម ស្ងួត របក ក្រហាយដោយសារស្បែកនៅមានសភាពស្ដើង និងខ្ចី ដូចនេះលោកអ្នកគួរប្រើប្រាស់ផលិតផលផ្ដល់សំណើមឲ្យទារកដូចជា ឡេ ក្រែម និងសាប៊ូដែលមានជាតិកាត់តិច ដើម្បីការពារស្បែកពីការឡើងរោល របក និងក្រហាយជាដើម។

៥. បំបៅទារកឲ្យបានច្រើន៖ នៅក្នុងទឹកដោះម្ដាយ មានផ្ទុកនូវសារធាតុចិញ្ចឹម និងការពារជាច្រើនដែលជួយការពារទារកពីការកើតជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះកម្ដៅដែលចេញពីខ្លួនរបស់អ្នកក៏បានផ្ដល់ភាពកក់ក្ដៅដល់ពួកគេផងដែរ៕