បញ្ហាទារកភ្ញាក់ហើយយំនៅពេលយប់គឺជារឿងមួយដែលឪពុកម្ដាយកំពុងព្រួយបារម្ភ។ មានទារកជាច្រើនដែលមិនបានគេងលក់ស្កប់ស្កល់បានពេញមួយយប់ដែលបានធ្វើឲ្យមានផលរំខានដល់ដំណេករបស់ឪពុកម្ដាយពួកគេ។ ដូចនេះឪពុកម្ដាយគ្រប់រូបគួរយល់ដឹងឲ្យបានច្បាស់លាស់ពីគន្លឹះក្នុងការធ្វើឲ្យទារកគេងលក់ពេញមួយយប់។ ទាំងនេះជាវិធីសាស្ត្រដែលជួយឲ្យទារកគេងលក់ស្រួល និងមិនភ្ញាក់នៅពេលយប់៖

១. រុំទារកជាមួយនឹងក្រណាត់ស្អាត
ទារកដែលទើបកើតរហូតដល់អាយុ ៤ ទៅ៥ ខែតែងតែមានអាការៈពីធម្មជាតិគឺ ភ្ញាក់ដោយមិនដឹងខ្លួន។ អាការៈនេះធ្វើឲ្យទារកមានអារម្មណ៍ថា ពួកគេកំពុងធ្លាក់ពីលើអ្វីមួយដែលធ្វើឲ្យញាណរបស់ពួកគេកន្រ្តាក់ដាស់ពួកគេឲ្យដឹងខ្លួន។ ដូច្នេះ ការរុំខ្លួនទារកឲ្យហាប់នឹងជួយពួកគេបញ្ចៀសពីអាការៈមួយនេះ និងជួយឲ្យពួកគេគេងលក់ស្រួល និងយូរជាងមុន។ ប៉ុន្តែលោកអ្នកពុំគួររុំតឹងពេកនោះទេ ព្រោះវាអាចបណ្ដាលឲ្យទារកស្អុះស្អាប់ និងមិនអាចដកដង្ហើមបាន ។

២. បំបៅទារកនៅពេលអ្នកចូលគេង
ការបំបៅទារកនៅពេលអ្នកចូលគេងជួយឲ្យទារកឆ្អែត និងមិនរករឿងនៅពេលយប់។ ការអនុវត្តវិធីសាស្ត្រនេះក៏ជួយមិនឲ្យទារកភ្ញាក់នៅពេលអ្នកគេងនៅជិតពួកគេផងដែរ។

៣. កំណត់រយៈពេលគេងថ្ងៃរបស់ទារក
ការគេងថ្ងៃច្រើនពេកធ្វើឲ្យទារកមិនអាចគេងបាននៅពេលយប់។ អ្នកម្ដាយគួរកំណត់ម៉ោងគេងរបស់កូនៗ ដោយដាស់ពួកគេបន្ទាប់ពីគេងអស់រយៈពេល ២ ទៅ ២ ម៉ោងកន្លះហើយបំបៅ ប្រលែងលេងជាមួយពួកគេ។ ការធ្វើបែបនេះក៏ជួយឲ្យទារកបានបៅឆ្អែតនៅពេលថ្ងៃដែលជួយដល់សុខភាពរបស់ទារកបានច្រើន។

៤. ជៀសវាងសំឡេងរំខាន
លោកអ្នកគួរជៀសវាងការធ្វើឲ្យមានសម្លេងរំខាននៅពេលដែលទារកកំពុងគេង ហើយគួរជ្រើសរើសយកកង្ហារណាដែលមានទំហំតូច សម្លេងខ្សោយ ហើយដាក់កុំឲ្យខ្យល់បាញ់ចូលច្រមុះដែលជាកត្តាធ្វើឲ្យពួកគេគេងមិនលក់ និងឆាប់ផ្ដាសាយទៀតផង។

៥. បង្ហាត់ពួកគេឲ្យស្គាល់ពេលយប់ និងពេលថ្ងៃ
នៅពេលថ្ងៃ លោកអ្នកគួរព្យាយាមឲ្យមានពន្លឺចូល ចាក់ចម្រៀង និងប្រលែងជាមួយពួកគេ ដើម្បីឲ្យពួកគេមានទម្លាប់ភ្ញាក់នៅពេលថ្ងៃ ហើយបំបៅឲ្យពួកគេគេងនៅពេលយប់។ អនុវត្តបែបនេះជាប្រចាំនឹងធ្វើឲ្យទារកមានម៉ោងគេងបានទៀងទាត់ និងមិនភ្ញាក់នៅពេលយប់៕