រាជធានីភ្នំពេញ​៖ ពលករ​ខ្មែរ​មកពី​ថៃ​ម្នាក់ បាន​ដួល​បែកក្បាល​ស្លាប់ អំឡុងពេល​រៀបចំខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៨ មករា​។​

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់ថា បុរស​ស្លាប់​នោះ មាន​វ័យ​៣៨ ឆ្នាំ រស់នៅ​ភូមិ​ដុង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ដោយបាន​ចូលមក​កម្ពុជា​វិញ កាលពី​យប់​ថ្ងៃទី​១៧ មករា តាម​ច្រក​ចំបក ស្រុក​ម៉ាឡៃ​។ បើតាម​រដ្ឋបាលខេត្ត ពល​ករ្ម​ខ្មែរ​នោះ​ស្លាប់ ដោយសារ​ដួល​បោក​ក្បាល​នឹង​ថ្ម អំឡុងពេល​បត់ជើងតូច​។​
«​ក្រោយពេល​ក្រុមការងារ​បាន​សួរនាំ​អំពី​ការវិលត្រឡប់រ​បស់បង​ប្អូន​ពលករ​មកវិញ​រួច ក្រុមការងារ​បានឱ្យ​បងប្អូន​ទៅយក​ឥ​វ៉ាន់ ដើម្បី​ឡើង​រថយន្ត​កងទ័ព​ដែល​ប្រចាំការ​នៅ​ប៉ុស្តិ៍​ចំបក់ ដឹកជញ្ជូន​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ទីរួមស្រុក ប៉ុន្តែ​ក្នុងពេលនោះ​បុរស​ខាងលើ​បាន​ដើរទៅ​បត់ជើងតូច ហើយក៏​ជំពប់ជើង​ដួល​បោក​ក្បាល​ទៅលើ​ថ្ម​បណ្ដាលឱ្យ​បែកក្បាល ក្នុងពេលនោះ​ភ្លាមៗ​»​។ នេះ​បើតាម​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​។​
​រដ្ឋបាលខេត្ត​បន្ថែមថា មូលហេតុ​ដែលនាំឱ្យ​បុរស​ម្នាក់​នោះ ដួល​បែកក្បាល​នេះ ដោយសារ​រូបគេ​ផឹកស្រា​បៀ​អស់​២​ដប ទើប​ធ្វើឱ្យ​អស់កម្លាំង និង​ទប់​ស្មារតី​លែង​បាន​។​