ភ្នំពេញ៖ ដើម្បីជំរុញ ដល់ការប្រើប្រាស់សេវាធនាគារឌីជីថលរបស់ខ្លួន កាន់តែខ្លាំងថែមទៀតនោះ ក្រៅពី ការផ្ទេរប្រាក់ ទទួលប្រាក់ បង់ថ្លៃទឹក ភ្លើង បញ្ចូលកាតទូរស័ព្ទ និងទិញទំនិញផ្សេងៗ ដោយមិនអស់ថ្លៃសេវា អតិថិជនរបស់ធនាគារអេស៊ីលីដា អាចដកប្រាក់ពីទូរអេធីអឹមបានរហូតដល់៥០០០ដុល្លារ ឬ២០លានរៀល ដោយមិនបាច់ប្រើប័ណ្ណនោះឡើយ ពិសេស អាចផ្ទេរប្រាក់ឆ្លងធនាគារ បានយ៉ាងទូលំទូលាយជាងមុនទៀតផង ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិផ្នែកទីផ្សារ នៃធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា អ្នកប្រើប្រាស់App របស់ធនាគារអេស៊ីលីដាកន្លងមក គឺអាចផ្ទេរប្រាក់បានតែក្នុងធនាគារតែមួយ តែដើម្បីឱ្យការចាយលុយដោយមិនប្រើក្រដាស់ប្រាក់ App របស់អេស៊ីលីដា បានសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការបញ្ចូលកម្មវិធីបាគង ដែលអាចឱ្យអតិថិជន អេស៊ីលីដាម៉ូបាល អាចផ្ទេរប្រាក់ទៅវិញទៅមកឆ្លងធនាគារបានស្រួលជាងទៀតផង ។ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបាគង ក្នុងគោលដៅចម្បងៗរួមមានដូចជា៖ ផ្តល់នូវលទ្ធភាពទូទាត់ឆ្លងគ្រឹះស្ថានធនាគារ, កែលម្អប្រសិទ្ធភាពនិងសុវត្ថភាពប្រព័ន្ធទូទាត់សងប្រាក់, ជម្រុញបរិញ្ញាប័ណ្ណហិរញ្ញវត្ថុ និងជម្រុញការទូទាត់ដោយមិនប្រើក្រដាសប្រាក់ ដើម្បីគាំទ្រដល់ចលនាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន ។

លោកស្រីបន្តថា វិធីវេរប្រាក់តាមរយៈកម្មវិធី App បានគង នៅក្នុងអេស៊ីលីដាម៉ូបាល៖ ដំបូងលោកអ្នកចូលទៅកាន់ អេស៊ីលីដាម៉ូបាល App រួចចុចម៉ឺនុយ “ផ្ទេរប្រាក់ (Transfers)” ។ បន្ទាប់មកជ្រើសរើស ផ្ទេរទៅធនាគារក្នុងស្រុកតាមប្រព័ន្ធបាគង រួចហើយសូមជ្រើសរើស ផ្ទេរប្រាក់ទៅគណនីបាគង ឬផ្ទេរប្រាក់ទៅគណនីធនាគារ សូមបញ្ជូលព័ត៌មានផ្ទេរប្រាក់ រួចចុចយល់ព្រម សូមផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់លោកអ្នក បន្ទាប់មកចុច ផ្ទេរប្រាក់ ។

លោកស្រីបន្ថែមថា រហូតមកដល់ឥឡូវនេះ អេស៊ីលីដាម៉ូបាល មានអតិថិជនគាំទ្រប្រើប្រាស់សេវាជិត ២លាននាក់ហើយ ដែលកាន់តែជំរុញឲ្យធនាគារ អេស៊ីលីដា ខិតខំបង្កើតអ្វីៗដែលថ្មីឲ្យត្រូវតាមកាលសម័យបច្ចេកវិទ្យា និងឆ្លើយតប តម្រូវការអតិថិជនទាន់ពេលវេលា ។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្នុងឆ្នាំ២០២១នេះ អេស៊ីលីដាម៉ូបាល បានផ្លាស់ប្តូររូបរាងថ្មី ទាក់ទាញនិងកាន់តែងាយស្រួលប្រើប្រាស់ទៅទៀត ។ ទាំងនេះ គឺជាអ្វីដែលអតិថិជនចង់បាន និងស្នើមកកាន់ធនាគារដើម្បីធ្វើបច្ចុប្បន្នភាព ៕