ភ្នំពេញ ៖ កំពូលតារាចម្រៀងសំឡេងធ្ងន់ លោក ខេមរៈ សិរីមន្ត តែងតែបង្ហាញពីជីវិតរស់នៅប្រកបដោយសុភមង្គលជាមួយនឹងក្រុមគ្រួសារបន្ទាប់ពីលោកបង្ហាញមុខមាត់ភរិយា និងកូនជាផ្លូវការរួចមក ដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រនឹកសរសើរលោកមិនដាច់ពីមាត់។


ជាមួយនឹងការជោគជ័យនៅលើវិថីសិល្បៈនេះដែរ លោក ខេមរៈ សិរីមន្ត ក៏បានបង្ហោះរូបភាពជាញឹកញាប់ពីកូនប្រុសស្រីទាំងបីនាក់របស់លោក ដែលរស់នៅក្នុងជីវិតមួយប្រកបដោយភាពរីករាយ រួមនឹងភាពល្បីល្បាញលោក ក៏ហាក់ដូចជាផ្តល់ក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ជាពិសេសទៅលើក្រុមគ្រួសាររបស់លោក។


អ្វីដែលធ្វើឲ្យអ្នកគាំទ្រនឹករំភើបជំនួសតារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ នៅពេលដែលលោកបានបង្ហោះរូបថតមួយសន្លឹក អមជាមួយនឹងសារមួយថា “ភរិយាខ្ញុំសួរថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹង តើបងចូលចិត្តឡានតូចអត់? ខ្ញុំថាមានអីចូលចិត្តតាស ស្រាប់តែឡានមកដល់មុខផ្ទះតែម្ដង អរគុណភរិយាសម្លាញ់”។


ការបង្ហោះរៀបរាប់របស់លោក ខេមរៈ សិរីមន្ត ខាងលើនេះហាក់ធ្វើឲ្យបណ្តាប្រិយមិត្ត និងមហាជនជាច្រើនបានបង្ហាញអារម្មណ៍រំភើបជំនួសលោក ជាមួយនឹងការសរសើរចំពោះចំណងស្នេហារបស់តារាចម្រៀងរូបនេះគ្រប់គ្នាតែម្ដង៕