ខេត្តកំពង់ស្ពឺ៖ ក្រុមគ្រូបង្ហឹកមួយក្រុម បានដឹកនាំកងទ័ពឆត្រយោង លោតឆត្រ ដើម្បីបិ
ទវគ្គហ្វឹកហ្វឺនកងកុម្ម៉ង់ដូជំនាន់ទី១០ នៃវគ្គហ្វឹកហ្វឺនឆត្រយោងទី២៩ និងបើកវគ្គហ្វឹកហ្វឺឆត្រយោងជំនាន់ទី៣០ ក៏ជួបនឹងគ្រោះអកុសល បណ្ដាលឲ្យលោកគ្រូម្នាក់បាត់បង់ជីវិត និងអ្នកលោតឆត្រម្នាក់ទៀតរងរបួសធ្ងន់ កាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅលើទឹកដីស្រុកឱរ៉ាល់។

បើតាមមន្រ្ដីកងទ័ពឆត្រយោង បានឲ្យដឹងថា  ជនរងគ្រោះឈ្មោះ លឹម សាយ មានតួនាទីជាគ្រូបង្វឹកលោតឆត្រយោង មានឋានន្ដរស័ក្ដិជាវរសេនីយ៍ត្រី (ស័ក្ដិ៤) ។ រីឯអ្នកលោតឆត្រយោងម្នាក់ទៀត មិនទាន់ស្គាល់អត្ដសញ្ញាណ។

ប្រភពព័ត៌មានដដែល បានបន្ដថា កាលពីព្រឹកកើតហេតុ លោកគ្រូ លឹម សាយ និង ក្រុមគ្រូបង្ហឹកលោតឆត្រចំនួន១៣នាក់ផ្សេងទៀត​ បានអនុវត្តលោតឆត្រ បញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកុម្ម៉ង់ដូជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប៉ុន្ដជាអកុសល លោកគ្រូ​ លឹម សាយ បានលោតខុស​លក្ខណ:បច្ចេកទេស ក្នុងការបញ្ជាឆត្រ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះ។ រីឯអ្នកលោតឆត្រម្នាក់ទៀតបានរងរបួសធ្ងន់។

ដោយឡែក បើតាម​ទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៃបញ្ជាការដ្ឋានទ័ពពិសេស បានសរសេរ នៅរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ថា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលចាប់ពីពេលនេះតទៅ យើងបានបាត់បង់នាយទាហានដ៏ល្អមួយរូបជារៀងរហូតហើយ។ ​កាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូបង្វឹក១៣នាក់ផ្សេងទៀត​បានអនុវត្តលោតឆត្របញ្ជាសម្តែង ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកុម្ម៉ង់ដូ​ជំនាន់ទី១០​ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់។ ប៉ុន្ដែនៅពេលនោះ ​លោកវរសេនីយ៍ត្រី លឹម សាយ បានធ្វើខុសលក្ខណ:បច្ចេកទេស ក្នុងការបញ្ជាឆត្រ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ រងរបួសធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ប៉ុន្ដែដោយសារលោកគ្រូ មានរបួសធ្ងន់ពេក ទើបក្រុមគ្រូពេទ្យ មិនអាចជួយសង្រ្គោះជីវិតរបស់គាត់បាន។

ប្រភពព័ត៌មានដដែល បានបន្ដថា​  ក្រោយពេលលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់ ទើបនៅ​វេលាម៉ោង១២ និង៣០នាទីថ្ងៃដដែល ​អង្គភាពទទួលបានដំណឹង​ដ៏សែនក្រៀមក្រំនេះ។​ ជាមួយគ្នានេះ ​ក្រុមគ្រួសារបានស្នើសុំយកសពរបស់លោកវរសេនីយ៍ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។ រីឯ​អង្គភាព និងនាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស ក៏ចូលរួមកម្មវិធីបុណ្យសព តាមប្រពៃណី ហើយសូមជម្រាបដល់បងប្អូនមិត្តភក្ដិរួមជំនាន់ និង អតីតសិស្សឆត្រយោង សិស្សកុម្ម៉ង់ដូ​ទាំងអស់ សូម​​ជ្រាបជាដំណឹង និងនាំគ្នាទៅជូនដំណើរលោកគ្រូជា​​ចុងក្រោយ។

ជាមួយគ្នានេះ KBN សូមចូលរួមសម្ដែងនូវការសោកស្ដាយ ចំពោះការបាត់បង់គ្រូបង្វឹកឆត្រយោង ដែលជាធនធានដ៏កម្រ ប្រកបដោយវិជ្ជាជីវៈខ្ពស់របស់កងទ័ពកម្ពុជាយើង ហើយក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយនឹងក្រុមគ្រួសាររបស់លោកគ្រូ លឹម សាយ ចំពោះការបាត់បង់មនុស្សជាស្រឡាញ់របស់ពួកគាត់ផងដែរ៕