ភ្នំពេញ ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបុរសម្នាក់ដែលតាំងខ្លួនថាចេះធម៌បរទេស ៧ ភាសា ដែលអាចជួយដល់សព្វសត្វដែលកំពុងមានទុក្ខ ខណៈពេលដែលធម៌ដែលគាត់សូត្រចេញមកទាំងប៉ុន្មានពុំមាននរណាម្នាក់អាចស្ដាប់យល់សូម្បីតែមួយពាក្យនោះឡើយ។


បុរសដែលជាអ្នកស្នងបារមី យូ អឺ មីង នេះមានឈ្មោះថា វ៉ាត វុធ ដោយលោកនៅតែបន្តសកម្មភាពរបស់ខ្លួនជាប្រចាំថ្ងៃដើម្បីជម្នះនូវការចុះផ្សាយមួយចំមកថា រូបលោកកំពុងតែទទួលរងការព្រមាន និងការគំរាមកំហែងពីជនមិនស្គាល់មុខ។


យ៉ាងណាមិញ បុរសខាងលើនេះបានអះអាងយ៉ាងច្បាស់ថា ខ្លួនពិតជាចេះធម៌៧ភាសាពិតមែន ហើយក៏ពុំមាននរណាម្នាក់បានប្តឹងខ្លួននោះដែរ ព្រោះវាមិនខុសច្បាប់នោះទេ។ លោកក៏បានបន្ថែមទៀតថា រូមលោកមិនមែនជាគ្រូមន្តអាគម ដោយលោកគ្រាន់តែជាអ្នកស្នងរូបបារមីដែលប្រើធម៌ចម្លែក ដោយគ្មាននរណាម្នាក់អាចស្តាប់យល់អត្ថន័យធម៌ទាំងនេះបានឡើយ ហើយអ្វីដែលោកកំពុងតែធ្វើនេះគឺបានជួយដល់ពលរដ្ឋជាច្រើនឲ្យជាពីជំងឺ មិនមានការយកប្រាក់នោះឡើយ គឺអាស្រ័យទៅតាមសទ្ធារបស់បងប្អូនអ្នកដែលបានទៅឲ្យលោកជួយតែប៉ុណ្ណោះ។

បុរសស្នងរូបបារមី លោក វ៉ាត វុធ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកខ្លះលើកឡើងថា បារមីចេះLive ហ្វេសប៊ុក ខណៈពេលដែលមន្រ្តីពាក់ព័ន្ធខាងក្រសួងធម្មការ និងសាសនាបានបដិសេធថា គ្រូសូត្រធំ៌ ៧ ភាសាខាងលើនេះមិនមានឈ្មោះក្នុងបញ្ជីរអាចារ្យណាមួយនោះឡើយ៕