ខេត្តបាត់ដំបង៖ ក្រុមជនអន្ធពាលចំនួន៥នាក់ គ្រាន់តែរឿងមើលមុខសោះ បានព្រួតគ្នាវាយកាប់ចាក់បុរសម្នាក់ឱ្យរងរបួសធ្ងន់ ត្រូវកម្លាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាលចុះទៅឃាត់ខ្លួនបាន៣នាក់ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ខណៈពួកគេសំងំលាក់ខ្លួននៅក្នុងបន្ទប់ជួលមួយកន្លែងនៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។

ក្រុមជនអន្ធពាលទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ៖ ១-ឈ្មោះ ហ៊ាង គឹមហាង ហៅជ្រុយ អាយុ២៤ឆ្នាំ, ២-ឈ្មោះ ចាយ ដូ អាយុ២១ឆ្នាំ (២នាក់នេះនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ) និង៣-ឈ្មោះ ឆាំ សំបូរ ហៅ ទីន អាយុ២៥ឆ្នាំ នៅភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ។ចំណែកជនរងគ្រោះឈ្មោះឡុង ញើង អាយុ៤២ឆ្នាំ បានឱ្យដឹងថា គាត់មិនធ្លាប់មានគំនុំអ្វីជាមួយក្រុមជនពាលទាំងនោះទេ ។ ប៉ុន្តែ កាលពីរសៀលថ្ងៃទី១២ ខែមករា មុនពេលកើតហេតុ គាត់បានឃើញក្រុមជនអន្ធពាលចំនួន៥នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងបេនរថយន្ត គាត់ក៏បានសម្លឹងមើលទៅក្រុមនោះ ស្រាប់តែត្រូវពួកវាមករករឿងសួរនាំថា មើលមុខអី? ហើយទាញកាំបិតច្នៃ និងផ្លែរណាវាយផងកាប់ផងឱ្យគាត់ឱ្យរងរបួសធ្ងន់តែម្ដង។

ពាក់ព័ន្ធនឹងក្រុមជនពាលនេះ មន្រ្តីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងថា ក្រុមជនអន្ធពាលនេះ មានឈ្មោះ ប៉ូឡា ជាមេខ្លោងនេះ តែងធ្វើសកម្មភាពបទល្មើសនៅក្នុងក្រុងបាត់ដំបង ជាបន្តបន្ទាប់ ហើយជនខ្លះក៏ធ្លាប់ជាប់គុកដែរ។ ជនសង្ស័យទាំង៣នាក់ ត្រូវមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត។ ចំណែកបក្សពួក០២នាក់ដែលកំពុងគេចខ្លួន សមត្ថកិច្ចកំពុងស្រាជ្រាវ តាមចាប់ខ្លួនឱ្យខាងតែបាន៕