រដ្ឋាភិបាលជប៉ុន ផ្អាកការចូលមកក្នុងប្រទេសរបស់ជនបរទេសទាំងអស់ជាគោលការណ៍ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមេរោគកូរ៉ូណានៅឆ្លងរាលដាលទូទាំងពិភពលោក។ រដ្ឋាភិបាលបានបន្តអនុញ្ញាតឱ្យអ្នកជំនួញចូលក្នុងប្រទេសជប៉ុនពី ១០ ប្រទេសនៅអាស៊ី រួមមានប្រទេសចិន និងកូរ៉េខាងត្បូង បូករួមទាំងកោះតៃវ៉ាន់ បន្ទាប់ពីវីរុស ត្រូវបានគេជឿថា មានការចម្លងខ្ពស់ត្រូវបានគេរកឃើញនៅក្នុងប្រទេសមួយចំនួន។

ប៉ុន្តែរដ្ឋាភិបាលបានសំរេចលើការផ្អាកទាំងស្រុង ខណៈវីរុសកំពុងតែរីករាលដាលកើនឡើងនៅក្នុងប្រទេសជប៉ុន។ វិធានការនេះនឹងបន្តដរាបណាការប្រកាសអំពីរដ្ឋក្នុងអាសន្នមាននៅជាធរមាន។ សេចក្តីប្រកាស គ្របដណ្តប់លើបណ្តាខេត្តមួយចំនួន គឺត្រូវបន្តអនុវត្តរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ។ ពលរដ្ឋជប៉ុនអាចត្រឡប់មកប្រទេសជប៉ុនវិញ។

ជនបរទេសដែលមានស្ថានភាណលំនៅដ្ឋានជាប្រចាំ ក៏ត្រូវបានអនុញ្ញាតឱ្យចូលមកប្រទេសវិញ ហើយជនបរទេសដែលមានហេតុផលពិសេសដូចជាចូលរួមក្នុងពិធីបុណ្យសព ឬការសម្រាលកូនរបស់សាច់ញាតិ ក៏ត្រូវបានអនុញ្ញាតផងដែរ។ មនុស្សទាំងនោះតម្រូវឲ្យសន្យាថានឹងស្នាក់នៅក្នុងផ្ទះ ឬកន្លែងស្នាក់នៅរយៈពេល ១៤ ថ្ងៃ ។ ប្រសិនបើពួកគេបំពានលើច្បាប់ រដ្ឋាភិបាលនឹងពិចារណាបង្ហាញឈ្មោះរបស់ពួកគេនិងដកហូតសិទ្ធិរស់នៅក្នុងប្រទេសជប៉ុន។