ស្ត្រីមានគភ៌តែងតែ ឃ្លានចង់ញាំនេះ ចង់ញាំនោះមិនចេះចប់មិនចេះហើយ។ មានតែអ្នកធ្លាប់មាន គភ៌ទេដែលយល់អារម្មណ៍នេះ។ ខាងក្រោមនេះជាផ្លែឈើមួយចំនួនដែលស្ត្រីមានគភ៌មិនគួរបរិភោគ ឬ គួរ បរិភោគដោយប្រុងប្រយ័ត្ន ដោយសារតែផ្លែឈើទាំងនេះបើបរិភោគច្រើនពេកទៅធ្វើឲ្យឡើងកម្ដៅក្នុងខ្លួន គួបផ្សំនឹងពេលដែលផ្លែឈើទាំងនេះច្រើនទុំនៅរដូវក្ដៅថែមទៀតនោះវារឹតតែធ្វើឲ្យក្ដៅដូចភ្លើងតែម្ដង។

១– ផ្លែមៀន
ស្ត្រីមានគភ៌មិនគួរបរិភោគផ្លែមៀនច្រើនពេកទេ ព្រោះក្នុងអំឡុងពេលនេះស្ត្រីមានផ្ទៃពោះងាយ នឹងទទួល អាការៈ ក្ដៅអន្ទះអន្ទែង និងទល់លាមក។ ដូចនេះ បើបរិភោគផ្លែមៀនថែមទៀតវាធ្វើឲ្យកម្ដៅ ក្នុងខ្លួនកាន់តែក្ដៅមួយកម្រិតទៀត ហើយអាចប៉ះពាល់ចំពោះសុខភាពគភ៌ក្នុងផ្ទៃ។

២– ផ្លែទន្លាប់
ផ្លែទន្លាប់សម្បូរជាតិដែក ប្រូតេអ៊ីន ស័ង្កសី និងសារធាតុបំប៉នជាច្រើនទៀត។ ប៉ុន្តែផ្លែឈើនេះក៏ធ្វើឲ្យឡើងកម្ដៅក្នុងខ្លួនផងដែរបើពិសាច្រើនពេក។ ចំពោះបងប្អូនសុភាពនារីដែលមានគភ៌ បើបរិភោគផ្លែទន្លាប់ (មិនថាតិច ឬច្រើនទេ) អាចធ្វើឲ្យធ្លាក់ឈាមបាន ។ ជាងនេះទៀត សារធាតុសរសៃ និងរោមនៅលើផ្លែទន្លាប់អាចធ្វើឲ្យរមាស់បំពង់ក អាលែកហ្ស៊ីបំពង់ក និងរលាកបំពង់ក។

៣– ផ្លែគូលែន
គូលែនសម្បូរស្ករបំផុត ដែលស្ត្រីមានគភ៌គួរជៀសវាងឲ្យបាន ព្រោះអាចនឹងធ្វើ អោយ កើតជំងឺទឹកនោមផ្អែម និងឡើងទម្ងន់យ៉ាងឆាប់រហ័សជាទីបំផុត។ គុណវិបត្តិមួយទៀតរបស់គូលែនចំពោះស្ត្រីមានគភ៌ គឺផ្លែឈើនេះ បើពិសាច្រើនអាចក្ដៅក និងក្ដៅខ្លួន។

៤– ផ្លែត្របែក
ត្របែកខ្លះមិនសូវផ្អែមពេកទេរសជាតិ ជូរអែមអាចញ៉ាំច្រើនក៏មិនសូវក្ដៅដែរ។ ផ្ទុយទៅវិញ ត្របែកខ្លះប្រសិនបើស្ត្រីមានគភ៌ពិសាច្រើនពេកទៅ ដោយមិនចិតសម្បកចេញអាចធ្វើអោយទល់លាមក។ ដូច្នេះ ដំណោះស្រាយ ដ៏ល្អគឺការរើសយកត្របែកមានរសជាតិសាប ឬជូរអែមហើយកុំភ្លេចចិតសម្បកត្របែក ឲ្យស្អាតមុននឹងបរិភោគ៕