ខេត្តកំពង់ធំ ៖ ស្រីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តរឿងជំពាក់ប្រាក់ធនាគារ បែរជាគិតខ្លីលេបថ្នាំបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៣ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅលើផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ។សពជនរងគ្រោះឈ្មោះ សៀង ស្រីនិច ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។

តាមការបំភ្លឺរបស់ឈ្មោះ សៀង ស្រីនាង ត្រូវជាប្អូនបង្កើតរបស់សព បានអះអាងថា មុនពេលកើតហេតុ ជនរងគ្រោះនិងរូបខ្លួននៅអង្គុយលេងលើផ្ទះជាមួយគ្នា លុះដល់ម៉ោងប្រហែល១០និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែមករា ខ្លួនបបួលបងចុះទៅហូបបាយទាំងអស់គ្នា តែជនរងគ្រោះមិនព្រមទៅហើយនៅដេកលើផ្ទះតែម្នាក់ឯង។ រហូតដល់ម៉ោងប្រហែល១២និង៥៥នាទី ប្អូនប្រុសអាយុ៥ឆ្នាំរបស់ខ្លួន ឡើងទៅលើផ្ទះ ឃើញបងស្រី(ជនរងគ្រោះ)ដេកស្ដូកស្ដឹង មិនដកដង្ហើម ក៏ស្រែកហៅខ្លួនឲ្យទៅមើល ទើបដឹងថាបងស្រីបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានសហការជាមួយប្រធានមណ្ឌលសុខភាពឃុំបល្ល័ង្ក ចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យឃើញថ្នាំគ្រាប់ពណ៌ស (គ្រាប់តូចៗមូល) ចំនួន២គ្រាប់ដែលជាប្រភេទថ្នាំងងុយដេកនៅក្បែរខ្លួនសព ហើយនៅលើដងខ្លួនពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ទើបសនិដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយលេបថ្នាំងងុយដេកប្រាកដមែន និងប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕