ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីលែងលះប្រពន្ធទី១រួចរាល់ហើយ បានទៅយកប្រពន្ធមួយទៀត តែក្រោយពីរួមរស់ជាមួយគ្នាបានមួយរយៈពេលស្រាប់តែប្រពន្ធក្រោយនេះរត់ចោលគាត់បាត់ទៀត ធ្វើឲ្យគាត់ខូចចិត្តគិតខ្លីផឹកថ្នាំពុលសម្លាប់ខ្លួនឯង និងបានថតវីដេអូឃ្លីបសុំឲ្យមិត្តភក្ដិជួយយកសាកសពគាត់ទៅបូជាក្នុងវត្ត និងបញ្ជាក់ថា គ្មាននរណាសម្លាប់គាត់ទេ គឺគាត់សម្លាប់ខ្លួនឯង ។ ប៉ុន្តែមិនស្លាប់ បានមិត្តភក្ដិរួមការងារដឹងទាន់។

ហេតុការណ៍នេះបានកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅក្បែរមាត់ស្រះទឹកមួយកន្លែង ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ បុរសរូបនេះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ប៉ុន្តែមិត្តភក្ដិបានហៅគាត់ថា នាគៗ មានអាយុប្រហែល៤០ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅការដ្ឋានជិតកន្លែងកើតហេតុ។

មិត្តភក្ដិរួមការងារបានបានឱ្យដឹងថា ពេលកន្លងមក បុរសរងគ្រោះនេះ បានលែងលះគ្នាជាមួយប្រពន្ធទី១ ព្រោះរស់នៅមិនចុះសម្រុងគ្នា ហើយបានយកប្រពន្ធទី២ម្នាក់ទៀត ដើម្បីសាងជីវិតថ្មី ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ គឺក្រោយពីការរួមរស់ជាមួយគ្នាបានមួយរយៈខ្លី ក៏ស្រាប់តែប្រពន្ធទី២នេះបានរត់ចោលបាត់ទៀត បុរសរងគ្រោះនេះក៏មានវិបត្តផ្លូវចិត្ត ។

មុនពេលកើតហេតុ ពួកគាត់ និងជនរងគ្រោះបានទៅរកត្រីធ្វើម្ហូបនៅមាត់ស្រះទឹកជិតកន្លែងកើតហេតុ តែជនរងគ្រោះបានយកថ្នាំពុល១ដបទឹកសុទ្ធទៅតាម ដើម្បីផឹកសម្លាប់ខ្លួន តែត្រូវមិត្តភក្ដិរួមការងារទាំងអស់នាំគ្នារារាំង និងយកថ្នាំពុលនោះបោះចោល ប៉ុន្តែពុំបានបើកគម្របដបចាក់ថ្នាំពុលនោះចោលទេ។ បន្ទាប់មកក៏បានបែកគ្នាទៅរកត្រីជាធម្មតា ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញជនរងគ្រោះដើរសុខៗស្រាប់តែដួលប្រកាច់បែកពពុះមាត់ ក៏នាំគ្នារត់ទៅមើល ឃើញដបថ្នាំពុលដែលពួកគាត់យកទៅចោលនោះស្ថិតនៅក្បែរខ្លួនជនរងគ្រោះ ទើបដឹងថាជនរងគ្រោះបានទៅរើសយកថ្នាំពុលនោះមកផឹកសម្លាប់ខ្លួនឯងទាល់តែបាន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបានចុះទៅអន្តរាគមន៍ និងបានហៅរថយន្តពេទ្យដឹកយកបុរសខាងលើទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់។ ជាមួយគ្នានោះ សមត្ថកិច្ចនគរបាលក៏បានរកឃើញនៅក្នុងទូរស័ព្ទបុរសនោះមានវីដេអូឃ្លីប១ ដែលបុរសនោះថតដោយខ្លួនឯងមុនពេលផឹកថ្នាំពុល ដោយបានសុំឲ្យប្រពន្ធអត់ទោស និងសុំឲ្យមិត្តភក្ដិជួយយកសាកសពគាត់ទៅបូជាក្នុងវត្ត ព្រមទាំងបញ្ជាក់ថា គ្មាននរណាសម្លាប់គាត់ទេ គឺគាត់សម្លាប់ខ្លួនឯង៕