រាជធានីភ្នំពេញ ៖ ជនជាតិចិន ប្រុសស្រីចំនួន ២នាក់ ដែលត្រូវបានប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម ក្នុងនៅបន្ទប់ខុនដូ យីហោ LH RESIDENCE បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះត្រួតពិនិត្យបន្ទប់លេខ A1003 ជាន់ទី១០ តាមផ្លូវលេខ០៩ ស្ថិតនៅភូមិ០៥ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គឺជាករណីឃាតកម្មប្លន់យកលុយ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទី១ មានឈ្មោះ CAO RUIXIN ជនជាតិចិន ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ជាមិត្តស្រីជនរងគ្រោះ ទី២ ឈ្មោះ XIO BO ជនជាតិចិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនផលិតដែក ស្នាក់នៅខុនដូកើតហេតុ។

ចំពោះករណីនេះ សមត្ថកិច្ចសង្ស័យជាឃាតកម្មប្លន់យកលុយ ពីជនរងគ្រោះដោយជនសង្ស័យប្រុសចំនួន២នាក់ ដែលម្នាក់ប្រើកាំភ្លើងខ្លីភ្ជង់បុរសជនរងគ្រោះ និងជនសង្ស័យម្នាក់ទៀត យកកាំបិតភ្ជង់ស្រ្តីរងគ្រោះ។ ជនសង្ស័យបានជួលបន្ទប់ក្នុងខុនដូ យីហោ LH RESIDENCE នៅជាន់ទី០៩ ដែលបានរៀបចំផែនការយ៉ាងហ្មត់ចត់បំផុត។

កម្លាំងជំនាញបានត្រួតពិនិត្យ ដោយមានឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថា ករណីឃាតកម្មដោយប្រុសរងគ្រោះ ត្រូវបានជនសង្ស័យប្រើខ្សែគោចងរឹតកបណ្ដាលឲ្យស្លាប់ រួចអូសចូលក្នុងបន្ទប់ទឹក។ ចំណែកជនរងគ្រោះស្រ្តី ត្រូវជនសង្ស័យប្រើវិធីយកក្រណាត់ ដាក់ចូលមាត់រួចយកស្កុតបិទមាត់ ច្រមុះ ភ្នែក ជិតធ្វើឲ្យដាច់ខ្យល់ស្លាប់ ។ ដោយខ្លាចជនរងគ្រោះរើ ជនសង្ស័យក៏យកខ្សែគោរុំជើងទាំងសងខាង កុំឲ្យដើរ ឬលោតបាន រួចជនសង្ស័យចាក់សោទ្វារហើយចេញទៅបាត់។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវ លេខ៩ ខាងត្បូងផ្សារកាប់គោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាតិចិនប្រុសស្រី២នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅបន្ទប់លេខ៩០១ ជាន់ទី០៩ ក្នុងសណ្ឋាគារ LH Residence ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ អ្នកបោសសម្អាតបន្ទប់បានទៅសម្អាតបន្ទាប់របស់ជនរងគ្រោះ ពេលទៅដល់ បន្ទប់របស់ជនរងគ្រោះពុំមានចាក់សោនោះឡើយ ។ លុះអ្នកបោកសម្អាត បើកទ្វារចូលទៅក្នុង ក៏ប្រទះឃើញជនជាតិចិន២នាក់ប្រុសស្រីដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក៏បង្កការភ្ញាក់ផ្អើលឡើង និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន សហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងជំនាញកោសល្យវិច័យសពជនរងគ្រោះ ដើម្បីកំណត់មុខសញ្ញារបស់ជនដៃដល់ ចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់៕
ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖