ខេត្តស្វាយរៀង ៖ សត្វគោ៣ក្បាលដើរឆ្លងផ្លូវពេលយប់ ត្រូវរថយន្តបើកបុកពេញទំហឹង បណ្ដាលឱ្យងាប់ទាំង៣ក្បាលភ្លាមៗ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែអ្នកជិះក្នុងរថយន្ត៣នាក់ មិនមានរងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ស្ថិត នៅលើផ្លូវក្រាលកៅស៊ូ៣១៧B ក្នុងភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ។

ម្ចាស់រថយន្តឈ្មោះឯក ធា អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប រួមដំណើរជាមួយប្រពន្ធឈ្មោះកូយ គន្ធា អាយុ៣០ឆ្នាំ និងកូនស្រីម្នាក់ រស់នៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប។

ម្ចាស់រថយន្តបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២BC-១៦០៥ទាំងយប់ រួមដំណើរជាមួយប្រពន្ធ និងកូន លើផ្លូវក្រាលកៅស៊ូ៣១៧B ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះស្រាប់តែមានសត្វគោចំនួនបីក្បាលដើរឆ្លងកាត់ផ្លូវពីលិចទៅកើត គាត់ជាន់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹង បណ្ដាលឱ្យងាប់ទាំង៣ក្បាលភ្លាមៗតែម្ដង។ តែសំណាងល្អ គាត់និងក្រុមគ្រួសារមិនមានអ្នករងរបួសអ្វីធ្ងន់ធ្ងរ គ្រាន់តែខូចខាតរថយន្តផ្នែកខាងមុខ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច និងម្ចាស់រថយន្តរង់ចាំជាងមួយម៉ោង មិនឃើញម្ចាស់មកដោះស្រាយ ទើបសមត្ថកិច្ចសម្រេចប្រគល់គោងាប់ចំនួនបីក្បាលនោះ ឱ្យម្ចាស់រថយន្តលក់ ដើម្បីយកលុយជុសជុលរថយន្ត៕