ថៃ ៖ ក្នុងរយៈក្រោយមកនេះនៅតាមបណ្តាប្រទេសមួយចំនួនកំពុងតែជួបប្រទះនូវអាកាសធាតុត្រជាក់ ដោយប្រទេសខ្លះត្រជាក់រហូតដល់ធ្លាក់ព្រិលក៏មាន ខណៈដែលពីដើមឡើយមិនមានជួបបញ្ហាបែបនេះនោះទេ។ ជាក់ស្តែង សីតុណ្ហភាពបានចុះត្រជាក់យ៉ាងខ្លាំងនៅក្នុងខេត្តមួយចំនួន ដែលស្ថិតនៅភាគខាងជើង និងភាគឦសាននៃប្រទេសថៃ ដែលការចុះត្រជាក់នេះបណ្តាលឲ្យមនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិត។

យ៉ាងណាមិញកាលពីថ្ងៃម្សិលមិញនេះ ប៉ូលិសស្រុក Muang Nong Khai បានជូនដំណឹងថា មានបុរសម្នាក់អាយុ ៦៥ ឆ្នាំបានស្លាប់នៅក្នុងខ្ទមរបស់គាត់ ដោយខាងមន្ទីរពេទ្យបានធ្វើការសង្ស័យថា បុរសខាងលើនេះស្លាប់ព្រោះតែគាំងបេះដូង ដែលបណ្តាលមកពីការចុះត្រជាក់ខ្លាំងពេកនាពេលយប់។

បន្ទាប់ពីបុរសអាយុ ៦៥ឆ្នាំនេះបានស្លាប់ ក៏ស្រាប់តែមានបុរសម្នាក់ទៀតដែលមានអាយុ ៥៩ ឆ្នាំរស់នៅក្នុងខេត្ត Udon Thani ក៏បានស្លាប់បាត់បង់ជីវិតដោយសារការដំបៅក្រពះ បន្ទាប់ពីគាត់បានផឹកស្រាខ្របពេលអាកាសធាតុចុះសត្រជាក់កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ។

គួររំលឹកផងដែរថា នាយកដ្ឋានឧតុនិយមបានលើកឡើងថា នៅក្នុងតំបន់មួយចំនួននៃប្រេសថៃ កំពុងតែមានសីតុណ្ហភាពចុះត្រជាក់ពី ១ទៅ៣អង្សាសេនៅពេលព្រឹក ជាពិសេសនៅតាមតំបន់ជួរភ្នំ ហេតុនេះប្រជាជនត្រូវបានការថែទាំខ្លួនឲ្យបានត្រឹមត្រូវ ចៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងទៀត៕

ប្រភព ៖ nationthailand.com