ការិយាល័យស្ថិតិកណ្តាល (CSO) របស់ប្រទេសនិយាយថារថយន្តផ្ទាល់ខ្លួនថ្មីសរុបចំនួន ៨៤.៣០៩ គ្រឿងត្រូវបានលក់ចេញនៅក្នុងប្រទេសអៀរឡង់ក្នុងឆ្នាំ ២០២០ ធ្លាក់ចុះ ២៥,៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ សេចក្តីថ្លែងការណ៍របស់ ការិយាល័យ បានឱ្យដឹងថាចំនួនរថយន្តផ្ទាល់ខ្លួនប្រើប្រាស់រួចត្រូវបានលក់ចេញនៅក្នុងប្រទេស ក៏មានការធ្លាក់ចុះខ្លាំងផងដែរនៅក្នុងឆ្នាំនេះ គឺធ្លាក់ចុះ ២៧,៩ ភាគរយពីចំនួន ១០៨.៨៩៥ គ្រឿងក្នុងឆ្នាំ ២០១៩ ធ្លាក់ដល់ ៧៨.៥៤១ គ្រឿងក្នុងឆ្នាំ ២០២០ ។

ការលក់រថយន្តផ្ទាល់ខ្លួនថ្មីនិងប្រើរួច ជាទូទៅនៅក្នុងប្រទេសអៀរឡង់ក្នុងឆ្នាំ ២០២០ មានចំនួន ១៦២.៨៥០ គ្រឿង ដែលជាតួលេខទាបបំផុតចាប់តាំងពីឆ្នាំ ២០១៥ មក។ ប៉ុន្តែតួលេខរបស់ការិយាល័យស្ថិតិ បានបង្ហាញពីការបន្តការលក់រថយន្តអគ្គិសនីនិងរថយន្តកូនកាត់នៅឆ្នាំ ២០២០ ។ ការលក់រួមគ្នានៃយានយន្តទាំងពីរប្រភេទនេះមានចំនួន ១៩,៧ ភាគរយនៃរថយន្តថ្មីទាំងអស់ដែលបានលក់ចេញនៅក្នុងប្រទេសអៀរឡង់ក្នុងឆ្នាំ ២០២០ ។

ការិយាល័យនិយាយថា រថយន្តកូនកាត់ថ្មីសរុប ១២.៦៥៤គ្រឿង និងរថយន្តអគ្គិសនីថ្មីចំនួន ៣.៩៤០ ត្រូវបានលក់ចេញនៅក្នុងប្រទេសក្នុងឆ្នាំ ២០២០ កើនឡើង ១៦,១ ភាគរយនិង ១៤,៤ ភាគរយធៀបនឹងឆ្នាំមុន។ប្រទេសអៀរឡង់ត្រូវបានដាក់នៅក្រោមការបិទក្រុងទូទាំងប្រទេស ចំនួនបីដងចាប់តាំងពីការរាតត្បាតជម្ងឺនៅប្រទេសនេះនៅចុងខែកុម្ភៈឆ្នាំ ២០២០ ។

នៅក្រោមវិធានការបិទក្រុង ហាងទំនិញលក់រាយដែលមិនចាំបាច់ទាំងអស់ រួមទាំងឃ្លាងលក់រថយន្តត្រូវតែបិទទ្វារ បណ្តាលឱ្យមានការខាតបង់យ៉ាងខ្លាំងសម្រាប់អ្នកលក់រថយន្តក្នុងស្រុក។ ការបន្តកើនឡើងនៃការលក់រថយន្តអគ្គិសនីនិងរថយន្តកូនកាត់ ភាគច្រើនត្រូវធ្វើការជាមួយផ្នែកច្បាប់ដែលស្នើដោយរដ្ឋាភិបាលអៀរឡង់នៅដើមឆ្នាំ ២០២០ ដែលរដ្ឋាភិបាលគ្រោងនឹងហាមឃាត់ការលក់រថយន្តប្រើឥន្ធនៈហ្វូស៊ីលនៅក្នុងប្រទេសនៅឆ្នាំ ២០៣០ និងហាមឃាត់ការប្រើប្រាស់រថយន្តនៅឆ្នាំ ២០៤៥ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ។

តួលេខរបស់ការិយាល័យស្ថិតិ បានបង្ហាញផងដែរថាក្រុមហ៊ុន រថយន្ត Volkswagen ជារថយន្តដែលពេញនិយមបំផុតក្នុងចំណោមរថយន្តផ្ទាល់ខ្លួនថ្មីទាំងអស់ដែលត្រូវបានលក់ចេញនៅក្នុងប្រទេសអៀរឡង់ក្នុងឆ្នាំ ២០២០ បន្ទាប់មកគឺក្រុមហ៊ុន Toyota , Hyundai, Skoda និង Ford ។