រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានចាត់ទុកថាប្រទេសអ៊ីរ៉ង់ជា“ មូលដ្ឋានគ្រឹះថ្មី” សម្រាប់ក្រុមអាល់កៃដាដែលការអះអាងនេះត្រូវបានអ៊ីរ៉ង់ច្រានចោលភ្លាមៗថាជាការភូតភរគ្មានភស្តុតាង។
លោក Pompeo បានបង្ហាញនៅក្នុងសុន្ទរកថាមួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថាបងធំរបស់ក្រុមអាល់កៃដាទី២បានស្លាប់នៅអ៊ីរ៉ង់កាលពីខែសីហាកន្លងទៅ។ មេក្លោងរបស់អាល់កៃដាម្នាក់នោះគឺជាមេគំនិតនៃការវាយប្រហារដោយគ្រាប់បែកលើស្ថានទូតអាមេរិកនៅប្រទេសកេនយ៉ានិងតង់ហ្សានីក្នុងឆ្នាំ ១៩៩៨។ មនុស្សជំនិតក្រោមបញ្ជារពីដូណាល់ ត្រាំបាននិយាយថាអ៊ីរ៉ង់បានផ្តល់សិទ្ធិសេរីភាពដល់មេដឹកនាំអាល់កៃដានៅក្នុងប្រទេសអ៊ីរ៉ង់ក៏ដូចជាកន្លែងមានសុវត្ថិភាពនិងការគាំទ្រខាងយុទ្ធសាស្ត្រចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះពោលគឺនៅពេលដែលអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក។
លោក Pompeo បាននិយាយថាអ៊ីរ៉ង់បានសម្រេចចិត្តអនុញ្ញាតឱ្យក្រុមអាល់កៃដាបង្កើតទីស្នាក់ការប្រតិបត្តិការណ៍ថ្មីមួយនៅក្នុងប្រទេសនេះហើយបានហៅសាធារណរដ្ឋអ៊ីស្លាមថាជាប្រទេសឧបត្ថម្ភភេរវកម្មធំជាងគេបំផុតនៅលើពិភពលោក។ ដោយឡែករដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឆ្លើយតបទៅ Pompeo នៅក្នុងបណ្តាញសង្គមទ្វីទ័រថាការចោទប្រកាន់ នេះថាជាការភូតកុហកគ្មានមូលដ្ឋាន។រដ្ឋបាលដូណាល់ ត្រាំកំពុងប្រើថ្ងៃចុងក្រោយរបស់ខ្លួនដើម្បីបង្កើនសម្ពាធដាក់លើអ៊ីរ៉ងដោយទើបតែប្រកាសពីការដាក់ទណ្ឌកម្មថ្មីថ្មោងកាលពីសប្តាហ៍មុនស្តីពីការដកហូតប្រាក់ចំណូលរបស់រដ្ឋាភិបាលក្រុង Tehran ដើម្បីរាំងខ្ទប់ការគាំទ្រដល់ក្រុមភេរវករបរទេស។ បញ្ជាក់ថានៅឆ្នាំ ២០២០ ការទូតរវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែក្តៅគគុកនៅពេលត្រាំបញ្ជារសម្លាប់មេទ័ព Qasem Soleimani ដោយដ្រូនពិឃាតនៅថ្ងៃទី ៣ មករា ២០២០៕