ភ្នំពេញ៖ បុគ្គលខិលខូចម្នាក់ បានដើរប្រឌិតបំប៉ោងព័ត៌មានថា ម្ដាយលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានទទួលមរណភាព រួចដើរតាមផ្សារ និងទីតាំងលក់ដូរ ដើម្បីសុំថវិកាយកមកចូលបុណ្យ ។ ប៉ុន្តែករណីនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ចេញមុខធ្វើការបដិសេធ និងបញ្ជាក់ថា៖ ខ្ញុំបាទ ម៉ូវ ម៉ានិត សូមធ្វើការបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា: នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះ មានជនឆបោកបានប្រឌិតព័ត៌មានថាម្តាយរបស់ខ្ញុំបានទទួលមរណភាព ហើយដើរតាមបណ្តាទីតាំងអាជីវកម្មនានា ក្នុងខណ្ឌសែនសុខ ដើម្បីសុំថវិកាចូលបុណ្យ។

ខ្ញុំសូមធ្វើការថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌មាននេះ ក្នុងន័យបោកប្រាស់ថវិកាពីសាធារណជន។ ជាមួយគ្នានេះ ខ្ញុំបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាប់ខ្លួនជនឆបោកនេះមកទទួលទោសអោយខានតែបាន។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំចាញ់បោកបុគ្គលខាងលើនេះ៕