ធម្មតា យើងតែងងូតទឹកយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ ដើម្បីសម្អាតរាងកាយយើងពីធូលី ញើស ក្អែលជាដើមដែលបានតោងជាប់ស្បែករបស់យើង។ កាលណាយើងមិនងូតទឹក ហើយដុសខ្លួនមិនបានស្អាតទេវាអាចធ្វើឱ្យយើងកើតមុន មានបញ្ហាស្បែក រហូតអាចកើតគីសនៅក្នុងក្រពេញគល់រោមបាន។ គីសក្រពេញគល់រោម គឺជាប្រភេទគីសដែលកើតឡើងដោយមានការកកស្ទះរន្ធរបស់ក្រពេញបញ្ចេញសារធាតុខ្លាញ់ម៉្យាងដែលស្ថិតនៅជាប់ជាមួយរោមលើស្បែកនៃរាងកាយ ជាពិសេសនៅលើខ្នង។

ហើយការដែលបណ្ដាលឱ្យមានការកកស្ទះនេះអាចបង្កឡើងដោយ៖
•មេរោគ
•ក្អែល
•ធូលី
•កម្ទេចល្អិតផ្សេងៗដែលជាប់នៅលើរាងកាយ និងកត្តារួមផ្សំដទៃទៀត ដូចជាស្រ្ដេស កម្ដៅព្រះអាទិត្យ ឬការជក់បារីជាដើម។

ទន្ទឹមនឹងនេះ យើងអាចសង្កេតដឹងថា វាកើតឡើងនៅពេលដែលមាន កន្ទួលលើស្បែក នៅក្នុងដំណាក់កាលដំបូង វាមិនធ្វើឱ្យឈឺចាប់ទេប៉ុន្ដែបើមិនថែទាំ និងព្យាបាលបានត្រឹមត្រូវទេ ដុំគីសនឹងវិវត្តទៅជាកន្ទួលក្រហមធំៗ និងមានសភាពឈឺចាប់ ហើយអាចធ្លាយចេញទឹករងៃ និងអាចមានក្លិនស្អុយចេញមកក្រៅ។ ដើម្បីការពារខ្លួនពីជំងឺនេះយើងត្រូវ៖

១. ត្រូវអនាម័យខ្លួនប្រាណដោយការលាងជម្រះក្អែល ឬធូលីអ្វីដែលកខ្វក់លើរាងកាយ បន្ទាប់ពីបញ្ចប់ការងារប្រចាំថ្ងៃ។
២. មិនត្រូវស្លៀកពាក់តឹងចង្អៀតពេក។
៣. ព្យាយាមរើសសម្លៀកបំពាក់ណាដែលជួយឱ្យស្បែកមានខ្យល់ចេញចូលបានស្រួល មិនធ្វើឱ្យក្ដៅស្អុះស្អាប់ដល់ស្បែកយើង៕