សហរដ្ឋអាមេរិក ៖ កាលពីពេលកន្លងទៅថ្មីៗនេះ បន្ទាប់ពីមានក្រុមអ្នកគាំទ្រលោក ត្រាំ បាននាំគ្នាចូលទៅធ្វើបាតុកម្មនៅក្នុងវិមានសភារួចមក ស្រាប់តែខាង Facebook , Twitter បានប្រកាសបិទគណនីរបស់លោក ត្រាំមួយរយៈ ខណៈពេលដែលថ្មីៗនេះខាង YouTube ក៏ចេញសេចក្ដីប្រកាសថាបិទ Channel របស់លោកត្រាំរយៈពេលមួយសប្តាហ៍ផងដែរ។

ការដែលគ្រប់បណ្តាញសង្គមល្បីៗនាំគ្នាធ្វើបែបនេះ ដោយពួកគេបានចោទប្រកាន់ថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បានប្រព្រិត្តិទង្វើញុះញង់ឲ្យមានអំពើហិង្សា។

យ៉ាងណាមិញអ្នកនាំពាក្យរបស់ YouTube បានចេញសេចក្ដីថ្លែងការណ៍មួយថា បន្ទាប់ពីមានការត្រួតពិនិត្យឡើងវិញដោយភាពហ្មត់ចត់ហើយនោះ ខណៈពេលដែលមានការព្រួយបារម្ភអំពីសក្តានុពលនៃអំពើហិង្សាដែលបាននឹងកំពុងកើតមានយើងបានលុបចោលរាល់មាតិកាថ្មីដែលត្រូវបានដាក់ចូលទៅក្នុងឆាណែល Donald J. Trump ដោយសារវាបានរំលោភគោលការណ៍នយោបាយរបស់យើងចំពោះការញុះញង់ឲ្យមានអំពើហិង្សា។ ជាលទ្ធផលដែលទទួលបាន យើងទៅតាមប្រព័ន្ធនៃការរំលោភបំពានរបស់យើង ពេលនេះឆាណែលរបស់លោក ត្រាំ ត្រូវបានរារាំងមិនឲ្យដាក់បញ្ចូលវីដេអូថ្មីនោះទេ ក្នុងរយៈពេលមួយសប្តាហ៍ ឬអាចលើសពីនេះក៏ថាបាន”។

យ៉ាងណាក៏ដោយក្រុមហ៊ុន YouTube នឹងត្រួតពិនិត្យបន្ថែមក្នុងរយៈពេលមួយសប្តាហ៍ ហើយប្រសិនបើឆាណែលរបស់លោក ត្រាំ នៅតែទទួលបានការបំពាននេះបន្តទៀត ក្រុមហ៊ុននឹងផ្អាករយៈពេល ២ សប្តាហ៍ ហើយកាន់តែធ្ងន់ធ្ងរជាងនេះនឹងដកចេញជាអចិន្រ្តៃយ៍បើសិនជាមានការរំលោភជាលើកទី៣ ៕