ញ៉ាំរបស់មានជាតិស្ករ និងខ្លាញ់ច្រើនធ្វើឱ្យស្បែកស្ងួត។ ដើម្បីកាត់បន្ថយស្បែកខូច របស់ដែលត្រូវញ៉ាំគឺជារឿងសំខាន់ណាស់ ព្រោះវីតាមីន និងជាតិរ៉ែក្នុងអាហារអាចជួយបានច្រើនណាស់។ អ៊ីចឹង បើមានស្បែកស្ងួត ញ៉ាំតែប៉ុន្មានមុខនេះក៏អាចជួយឱ្យស្បែកមានសំណើមបានដែរ៖

១. ផ្លែប៊ើរី និងផ្លែគីវី៖ ផ្លែឈើទាំងនេះមានវីតាមីនC ជួយប្រឆាំងភាពឆាប់ចាស់ និងវីតាមីនE ប្រឆាំងអុកស៊ីតកម្មដែលបំផ្លាញស្បែក។ ផ្លែគីវីអាចជួយការពារស្បែកប្រឆាំងកាំរស្មីUV។

២. តែបៃតង៖ តែបៃតងមានប្រយោជន៍ល្អសម្រាប់ព្យាបាលស្បែកពីរោគសញ្ញាឆាប់ចាស់មុនអាយុ និងព្យាបាលកើតមុន។ វាផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់ ដូចជា តានីនអង់ស៊ីម អាស៊ីតអាមីន និងវីតាមីនB។ តែបៃតងជួយបន្ថយល្បឿនវិវត្តទៅរកភាពចាស់ និងស្នាមជ្រួញ។

៣. ត្រី៖ ត្រីសាលម៉ុន ជាប្រភពសម្បូរអាស៊ីតខ្លាញ់អូមេហ្គា៣ និងមានប្រយោជន៍ដែលគេស្គាល់ថាអាចបង្ការជំងឺបេះដូង។ ជាតិខ្លាញ់នៅក្នុងត្រីទាំងនោះជាប្រភពបង្កើនគុណភាពស្បែកឱ្យកាន់តែស្អាត មិនមានស្នាមជ្រីវជ្រួញ( ស្ងួតបណ្ដាលឱ្យមើលទៅជ្រួញឆាប់ចាស់)។

៤. បន្លែ ផ្លែឈើពណ៌ទឹកក្រូច៖ បន្លែផ្លែឈើពណ៌ទឹកក្រូចក្នុងអាហារ ផ្ដល់សមាសធាតុមួយហៅថា បេតាការ៉ូទីន ទៅជាវីតាមីនA ក្នុងរាងកាយ។ បេតាការ៉ូទីន និងវីតាមីនA ជួយរក្សាសំណើម ជួយពន្យារភាពចាស់ជ្រីវជ្រួញ។

៥. ខ្ទឹមបារាំង និងខ្ទឹមស៖ សម្បូរសារធាតុស្ពាន់ធ័រ ដែលប្រឆាំងអុកស៊ីតកម្ម។ បន្លែទាំងពីរនេះផ្ទុកសារធាតុប្រឆាំងបាក់តេរី និងរោគផ្សិតដែលជួយកាត់បន្ថយការកកស្ទះរន្ធញើស និងព្យាបាលមុន។ ស្នាមមុនលើស្បែកអាចជម្រះចេញដោយតែបៃតងផងដែរ។

ប៉ុន្ដែអ្នកត្រូវប្រើពេលវេលាបន្ដិច វាមិនអាចទទួលបានផលភ្លាមៗនោះទេ វាត្រូវការពេលវេលា តែបើមានបញ្ហាស្បែកខ្លាំង មិនមែនស្ងួតធម្មតាសូមទៅពិគ្រោះជាមួយពេទ្យជំនាញ៕