ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ក្រោយពីលាវ កែវមុនី ទៅចូលរួមជាមួយសឺង ង៉ុកមិញ នៅក្នុងខែសីហា ឆ្នាំ១៩៥២ មក អាចារ្យម៉ែល វ៉ន ជាប្រធានគណៈកម្មាធិការរំដោះជាតិខ្មែរ (KNLC) ប្រចាំខេត្តបាត់ដំបង ត្រូវបានតែងតាំងជាមេបញ្ជាការរងរបស់កងទ័ពវៀតមិញ នៅខេត្តបាត់ដំបង ។ នៅក្នុងខែតុលា ឆ្នាំ១៩៥២ កងទ័ពរបស់គណៈកម្មាធិការរំដោះជាតិខ្មែរ(KNLC) នៅជំរំសែងរ៉ែង ជិត១០០នាក់ ត្រូវបានច្របាច់បញ្ចូលជាមួយអង្គភាពចល័តលេខ៤៨០ របស់រណសិរ្សឯកភាពឥស្សរៈ (UIF) ផងដែរ។ បន្ទាប់មក អាចារ្យរ៉ែង ត្រឡាយ និងអាចារ្យប៊ូ បានសម្រេចដើរតាម លាវ កែវមុនី ។ សរុបមក កងទ័ពគណៈកម្មាធិការរំដោះជាតិខ្មែរ(KNLC) ប្រមាណពី៤០០ ទៅ៦០០នាក់ ដែលដើរតាម លាវ កែវមុនី ត្រូវបានច្របាច់បញ្ចូលគ្នាជាមួយកងទ័ពរបស់ឥស្សរៈខ្មែរ-វៀតមិញ ចំនួនប្រមាណ១៦០០នាក់ នៅភូមិភាគពាយ័ព្យនោះ ខណៈដែលកងទ័ពឥស្សរៈខ្មែរ មិនមែនកុម្មុយនិស្តនៅទីនោះ មានចំនួនដល់ទៅប្រមាណ២៥០០នាក់ឯណោះ។នៅក្នុងអង្គប្រជុំ ដើម្បីធ្វើការសម្រុះសម្រួលមួយរបស់មេដឹកនាំឥស្សរៈខ្មែរចម្រុះនិន្នាការ នៅថ្ងៃទី១៣ តុលា ខែតុលា ឆ្នាំ១៩៥២ កៅ តក់ និងលាវ កែវមុនី ដែលមានជម្លោះមើលមុខគ្នាមិនត្រង់ប៉ុន្មានឆ្នាំមកហើយនោះ បានជានានឹងគ្នាឡើងវិញ ។ក្នុងបំណងធ្វើការបង្រួបបង្រួមចលនាតស៊ូឥស្សរៈឲ្យកាន់តែទូលំទូលាយថែមទៀតនោះ សឺង ង៉ុកថាញ់ បានផ្ញើលិខិតអញ្ជើញមួយទៅឲ្យ ពុត ឆាយ, ទ្រង់ ចាន់រង្សី និង ស៊ីវ ហេង ដើម្បីបញ្ចូនតំណាងមកចូលរួមប្រជុំពិសេសមួយនៅទីប្រជុំជនសិរីសោភ័ណ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ។ ប៉ុន្តែនៅថ្ងៃទី២៥ ខែតុលា និល ពេជ្រ ហៅអាចារ្យអ៊ូជ បានចាប់ខ្លួនកងទ័ពរបស់ លាវ កែវមុនី ចំនួន២១នាក់ និងតាមរកលាវ កែវមុនី បន្តទៀតផង។ ពេលនោះលាវ កែវមុនី បានដកទ័ពថយទៅទិសខាងលិច សំដៅទៅរកជំរំតស៊ូរបស់ កៅ តក់។

សឺង ង៉ុកថាញ់

នៅថ្ងៃទី២៨ ខែតុលា នៅទីប្រជុំជនសិរីសោភ័ណ គេឃើញខិត្តប័ណ្ណក្រុមនិល ពេជ្រ ហៅអាចារ្យអ៊ូជ ត្រូវបានគេបាចជាច្រើនសន្លឹក។ ខ្លឹមសារនៅក្នុងខិត្តប័ណ្ណនោះ បានចោទប្រកាន់ លាវ កែវមុនី ថា បានប្រើល្បិចដ៏គម្រក់បំផុត ដើម្បីដាក់ប្រទេសជាតិទៅឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់ពួកវៀតមិញ និងទាមទារឲ្យមានការទម្លាក់ លាវ កែវមុនី ចេញពីមេដឹកនាំគណៈកម្មាធិការរំដោះជាតិ(KNLC) ។មជ្ឈដ្ឋានមួយចំនួនចាត់ទុកថា ចលនាតស៊ូរបស់និល ពេជ្រ ហៅអាចារ្យអ៊ូជ ដូចគ្នានឹងចលនាតស៊ូរបស់សាវ៉ាង វង្ស ដែរ គឺបារាំង ជាអ្នករៀបចំឡើង ដើម្បីឲ្យចូលទៅបំបែកបំបាក់ផ្ទៃក្នុងរបស់ពួកឥស្សរៈខ្មែរ។ក្រោយមក ដោយមានកងទ័ពអាចារ្យត្រឡាយ ជាជំនួយ លាវ កែវមុនី បានពង្រឹងកងទ័ពរបស់ខ្លួនឡើងវិញ ហើយធ្វើការវាយប្រហារទៅលើកងទ័ពរបស់និល ពេជ្រ ហៅអាចារ្យអ៊ូជ វិញ ។ ប្រហែលជាមិនអាចទប់ទល់នឹងការវាយប្រហារពីកម្លាំងកងទ័ពរបស់លាវ កែវមុនី តទៅទៀតបាន និល ពេជ្រ ហៅអាចារ្យអ៊ូជ ក៏បានបញ្ចុះបញ្ចូលទុម សុខ ឲ្យទម្លាក់អាវុធ ចុះចូលជាមួយព្រះមហាក្សត្រសីហនុ និងបារាំងជាមួយគាត់ តែទុម សុខ បដិសេធ ។នៅថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ១៩៥២ សឺង ង៉ុកថាញ់ បានអញ្ចើ្ញញពួកមេដឹកនាំឥស្សរៈខ្មែរទាំងអស់ មករួមប្រជុំគ្នាក្នុងបំណងឲ្យពួកគេទទួលស្គាល់គាត់ ជាប្រធានកំពូលរបស់ចលនាតស៊ូឥស្សរៈខ្មែរ។ ពេលនោះ មេដឹកនាំចលនាតស៊ូឥស្សរៈមុនៗ ដួចជា ពុត ឆាយ , ចន្ទរង្សី , កៅ តក់ យល់ព្រមទទួលស្គាល់សឺង ង៉ុកថាញ់ ជាមេដឹកនាំកំពូលរបស់ចលនាតស៊ូឥស្សរៈខ្មែរ តែលាវ កែវមុនី ដែលមកចូលរួមក្នុងអង្គប្រជុំក្នុងនាមជាតំណាងឲ្យស៊ីវ ហេង ជាមេដឹកនាំឥស្សរៈវៀតមិញ បានព្យាយាមទាមទារឲ្យអង្គប្រជុំទទួលយកសឺង ង៉ុកមិញ ហៅអាចារ្យមៀន ធ្វើជាប្រធានកំពូលរបស់ចលនាតស៊ូឥស្សរៈខ្មែរ វិញ ធ្វើឲ្យអង្គប្រជុំនោះមិនទទួលបានលទ្ធផលអ្វីឡើយ។

សឺង ង៉ុកមិញ

មួយសប្ដាហ៍ក្រោយមក គឺនៅថ្ងៃទី៣ ខែធ្នូឆ្នាំ១៩៥២ ដោយមានការជ្រោមជ្រែងពីកៅ តក់ ផងដែរ អៀ ស៊ីចូវ ដែលជាមនុស្សជំនិតរបស់ សឺង ង៉ុកថាញ់ ក៏បានកោះប្រជុំមេដឹកនាំចលនាតស៊ូឥស្សរៈខ្មែរ ក្នុងបំណងឲ្យមានការគាំទ្រសឺង ង៉ុកថាញ់ ជាប្រធានកំពូលរបស់ចលនាតស៊ូឥស្សរៈខែ្មរជាថ្មីម្ដងទៀត។ ពេលនោះ ងួន ហុង ជាមេដឹកនាំចលនាតស៊ូតូចមួយ ដែលទទួលជំនួយគ្រឿងសព្វាវុធពីពួកវៀតមិញ គាំទ្រ សឺង ង៉ុកថាញ់ ក៏ពិតមែន តែគាត់បានអំពាវនាវឲ្យចលនាតស៊ូឥស្សរៈទាំងអស់ចូលរួមជាមួយពួកវៀតមិញ ទើបអាចធ្វើសង្រ្គាមជាមួយបារាំង ទទួលបានជោគជ័យ ។ តែចុងក្រោយ នៅតែក្មានលទ្ធផលដដែល។តែទោះបី សឺង ង៉ុកថាញ់ មានប្រជាប្រិយភាពខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកវៀតមិញ នៅតែមិនទុកចិត្ត ព្រោះសឺង ង៉ុកថាញ់ មានប្រវត្តិស្និទ្ធនឹងពួកណាហ្ស៊ីជប៉ុន និងជាមនុស្សដែលមានជំនឿលើសហរដ្ឋអាមេរិក ផងដែរ។នៅក្នុងឆ្នាំ១៩៥២នោះដែរ ក៏មានឈ្មោះ នួន ជា ជាសមាជិកគណៈកម្មាធិការនយោបាយរបស់កងទ័ពភូមិភាគពាយ័ព្យ ដែលដឹកនាំដោយ ស៊ីវ ហេង នោះក៏ចុះហត្ថលេខាធ្វើខិត្តប័ណ្ណមួយ ដែលបាចនៅក្នុងខេត្តបាត់ដំបង ធ្វើការបរិហារចំពោះការធ្វើអន្តរាគមន៍របស់អាមេរិក មកលើតំបន់ឥណ្ឌូចិននោះដែរ។ នួន ជា ឈ្មោះដើម ឡៅ គឹមរន កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ នៅភូមិវត្តគរ ឃុំវត្តគរ ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុករបស់គាត់ឈ្មោះ ឡៅ លីវ ជាជាតិពន្ធុចិនម្នាក់ និងជាកសិករដាំពោតដ៏ចំនានម្នាក់ ម្ដាយរបស់គាត់ឈ្មោះដែង ពាញ ជាអ្នកកាត់ដេរ។ នួន ជា បានចាប់ផ្ដើមចូលសិក្សានៅក្នុងវ័យ៧ឆ្នាំ គាត់រៀនភាសាថៃ បារាំង និងខ្មែរ។ នៅក្នុងទសវត្សឆ្នាំ១៩៤០ នួន ជា បានសិក្សានៅឯសាកលវិទ្យាល័យធម្មាសាត (Thammasat) នៅទីក្រុងបាងកក ហើយបានធ្វើការថែមម៉ោងនៅក្រសួងការបរទេសថៃ ។គាត់បានចាប់ផ្ដើមធ្វើសកម្មភាពនយោបាយជាមួយបក្សកុម្មុយនិស្តថៃ ក្នុងទីក្រុងបាងកក រហូតបានចូលជាសមាជិកបក្សកុម្មុយនិស្តថៃ ។ ឆ្នាំ១៩៥០ នួន ជា បានវិលត្រឡប់មកប្រទេសកម្ពុជា វិញ ហើយបានប្ដូរសមាជិកភាពរបស់ខ្លួនមកជាសមាជិកបក្សកុម្មុយនីស្ដឥណ្ឌូចិន បន្តការតស៊ូនៅក្នុងខេត្តបាត់ដំបង មានតួនាទីជាសមាជិកគណៈកម្មាធិការនយោបាយរបស់កងទ័ពភូមិភាគពាយ័ព្យ តាំងពីឆ្នាំ១៩៥២នោះ រហូតបានក្លាយជាអនុលេខាបក្សបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាប្រជាជន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩៕ (វាយអត្ថបទដោយ៖ កញ្ញាកៅ សុផានីត)

នួន ជា