ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ កងទ័ពវៀតមិញ ដែលទៅបោះទីតាំងនៅក្នុងខេត្តសៀមរាប បានអនុវត្តសង្រ្គាមចិត្តសាស្រ្តជាមួយប្រជាជនខ្មែរបានយ៉ាងល្អប្រសើរបំផុត ពួកគេមិនដែលហ៊ានរំលោភបំពានទៅលើទ្រព្យសម្បត្តិ ផលដំណាំរបស់ប្រជាជនខ្មែរ ដូចពួកខ្មែរឥស្សរៈផ្សេងៗទៀតឡើយ អ្វីទាំងអស់ពួកគេទិញក្នុងតម្លៃសមស្រប មិនធ្វើឲ្យប្រជាជនខ្មែរខឹងសម្បារជាមួយពួកគេឡើយ។ ពេលមានចោរលួចទ្រព្យសម្បត្តិនៅទីនោះ ពួកគេតែងតែព្យាយាមរកឲ្យឃើញ យកមកប្រគល់ឲ្យម្ចាស់វិញ ។ នៅក្នុងខេត្តសៀមរាប នោះដែរ ប្រភពស៊ើបការណ៍សម្ងាត់របស់បារាំង បានឲ្យដឹងថា អៀ ស៊ីចូវ ដែលជាមនុស្សជំនិតរបស់សឺង ង៉ុកថាញ់ បានសម្លាប់សិស្ស និងគ្រូបង្រៀនដែលរត់ទៅចូលរួមតស៊ូជាមួយពួកគាត់ ចំនួន៨នាក់ ដោយសារពួកអ្នកទាំងអស់នោះ មិនអាចស៊ូទ្រាំរស់នៅក្នុងព្រៃបាន ហើយមានបំណងចង់ត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៥២ ដាប ឈួន ដែលបានចុះចូលជាមួយព្រះមហាក្សត្រនរោត្តម សីហនុ និងបារាំង កាលពីខែកញ្ញា ឆ្នាំ១៩៤៩ ហើយត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពស្វយ័តខេត្តសៀមរាប និងកំពង់ធំ បានដឹកនាំទាហានដែលនៅក្រោមបញ្ជាគាត់ បើកការវាយប្រហារដោយមិនឲ្យដឹងខ្លួនមុន ទៅលើទីតាំងឈរជើងរបស់កងទ័ព សឺង ង៉ុកថាញ់ បណ្ដាលឲ្យស្លាប់២២នាក់ និងរបួស៦០នាក់ ។ នៅក្នុងខែតុលា ឆ្នាំ១៩៥២ លាវ កែវមុនី មេដឹកនាំគណៈកម្មាធិការរំដោះជាតិខ្មែរ(KNLC) និងសឺង ង៉ុកថាញ់ បានព្យាយាមរកមធ្យោបាយធ្វើយ៉ាងណាឲ្យចលនាតស៊ូខ្មែរឥស្សរៈ មានការរួបរួមគ្នាជាធ្លុងមួយ។ បន្ទាប់មក កៅ តក់ ដោយមានកងទ័ព៦០នាក់អមដំណើរផង បានធ្វើដំណើរពីខេត្តសៀមរាប ទៅកាន់ខេត្តកំពង់ស្ពឺ ជួបពិភាក្សាគ្នាជាមួយពុត ឆាយ, ទ្រង់ ចន្ទរង្សី និងសាវ៉ាងវង្ស ដើម្បីធ្វើការសម្របសម្រួលគ្នាពីបញ្ហាបង្រួមបង្រួមចលនាតស៊ូខ្មែរឥស្សរៈ និងពួកវៀតមិញផងដែរ ។ បន្តិចក្រោយមក វិទ្យុរបស់សឺង ង៉ុកថាញ់ បានផ្សាយថា សហរដ្ឋអាមេរិក បានបើកកកាយថា អ្វីដែលបារាំងបានប្រកាសថានឹងផ្ដល់ឯករាជ្យដល់កម្ពុជានោះ គឺគ្រាន់តែជាអន្ទាក់មួយប៉ុណ្ណោះ គឺពុំមែនជាការផ្ដល់សេរីភាពឲ្យកម្ពុជា ពិតប្រាកដនោះឡើយ ។ ការប្រកាសរបស់វិទ្យុសឺង ង៉ុកថាញ់ ដូចខាងលើនេះ គឺផ្ទុយស្រឡះពីការពិត ព្រោះសហរដ្ឋអាមេរិក បានងាកមកគាំទ្របារាំង ដើម្បីប្រឆាំងនឹងពួកវៀតមិញ មិនឱ្យពង្រីកលទ្ធិកុម្មុយនិស្ត នៅល់ទឹកដីឥណ្ឌូចិន បានដោយងាយៗទេ ដូច្នេះគ្មានរឿងអ្វីដែលត្រូវអាមេរិក ថ្កោលទោស ឬបរិហារអាក្រក់ពីបារាំង ឡើយ ។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៥២ លាវ កែវមុនី , និល ពេជ្រ (អាចារ្យអ៊ូជ) និងទុម សុខ បានជួបប្រជុំគ្នាជាសម្ងាត់មួយ ហើយក្រោយពេលប្រជុំនោះរួច ក៏មានការបាចខិត្តប័ណ្ណជាច្រើន ដែលបានសរសេរថា៖ ពួកបារាំង ដែលមានអាមេរិកគាំទ្រនោះ វាចង់បំបែកបំបាក់យើង វាចង់ឲ្យយើងសម្លាប់គ្នា ដូច្នេះប្រសិនបើការតស៊ូរបស់យើងមិនទទួលបានជោគជ័យដូចការរំពឹងទុកទេ គឺដោយសារតែយើងមិនចេះរួបរួម និងឯកភាពតែប៉ុណ្ណោះ ។តែនៅខាងក្រោមនៃខ្លឹមសារខិត្តប័ណ្ណខាងលើនេះ មិនមានចុះហត្ថលេខាមេឥស្សរៈខ្មែរម្នាក់ណាទេ គឺគ្រាន់តែសរសេរថា កងទ័ពឥស្សរៈ។ពេលនោះ ស៊ីវ ហេង ជាអនុប្រធានគណៈកម្មាធិការមជ្ឈិមរំដោះប្រជាជន និងជាប្រធានគណៈកម្មាធិការរំដោះប្រជាជនភូមិភាគពាយ័ព្យ ដែលស្និទ្ធនឹងពួកវៀតមិញ បានប្រកាសថា គាត់នឹងចូលរួមជាមួយគណៈកម្មាធិការរំដោះជាតិខ្មែរ (KNLC) ដោយឈរលើមូលដ្ឋានសាមគ្គីភាពនៃប្រជាជនឥណ្ឌូចិន ហើយបង្កើតសម្ព័ន្ធភាពត្រីភាគី កម្ពុជា វៀតណាម លាវ បង្កើតបានជាកម្លាំងប្រជាជនជាង ២៣លាននាក់ដើម្បីធ្វើបដិវត្តន៍ ។ ចំណែក លាវ កែវមុនី បានសម្រេចចិត្តចូលរួមជាមួយបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលដឹកនាំដោយសឺង ង៉ុកមិញ ចាប់ពីពេលនោះមក តែ និល ពេជ្រ (អាចារ្យអ៊ូជ) និង ទុម សុខ មិនឯកភាពគ្នាជាមួយ លាវ កែវមុនី ទេ ហើយពួកគាត់ទាំង២នាក់ បានច្របាច់បញ្ចូលកងទ័ពរបស់ពួកគាត់ទាំង២ ឲ្យទៅជាអង្គភាពតែមួយ ដោយឱ្យ និល ពេជ្រ (អាចារ្យអ៊ូជ) ធ្វើជាប្រធាន និងទុម សុខ ធ្វើជាអនុប្រធាន ។ ក្នុងភូមិភាគពាយ័ត្យ ស៊ីវ ហេង និងមេវៀតមិញម្នាក់ឈ្មោះ ហួង ជាអ្នកគ្រប់គ្រងអង្គភាពកងទ័ពចល័តលេខ១៤០ មានកងទ័ពខ្មែរ និងវៀតមិញ ប្រមាណ១០០០នាក់ បានបោះទីតាំងនៅតំបន់ថ្វាក ភាគខាងត្បូងនៃខេត្តបាត់ដំបង ។បើតាមប្រភពស៊ើបការណ៍សម្ងាត់របស់បារាំង បានឲ្យដឹងថា កងពលលេខ១៤០នោះ មានឈ្មោះមាស វង្ស ជាមេបញ្ជាការ និងមានកងទ័ព តែ៥០០នាក់ប៉ុណ្ណោះ ក្នុងនោះមានពួកវៀតមិញ១៨០នាក់៕ (វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)