នៅពេលអាកាសធាតុចុះត្រជាក់ មនុស្សមួយចំនួនគឺកំពុងប្រឈមមុខនឹងជំងឺផ្ដាសាយ ដោយសារភាពត្រជាក់។ មនុស្សមួយចំនួនមិនចង់ហ៊ានងូតទឹកទេដោយសារចាញ់ត្រជាក់ ប៉ុន្ដែអ្នកខ្លះបានជ្រើសរើសការងូតទឹកក្ដៅជំនួសដើម្បីសម្រួលដល់ការត្រជាក់។ មែនទែនទៅ ការងូតទឹកក្ដៅគឺជារឿងល្អចំពោះអ្នក ទាំងសុខភាព និងផ្លូវអារម្មណ៍របស់អ្នក នៅពេលអ្នកងូតទឹកក្ដៅទៀតសោត វាធ្វើឱ្យអ្នកមានអារម្មណ៍ថាធូរស្បើយក្នុងការបន្ធូរអារម្មណ៍ពីភាពតានតឹង ការស្រេស្ដពីការងារ ធ្វើឱ្យអ្នកគេងលក់ស្រួល និងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ។

គួរបញ្ជាក់ផងដែរថា ការងូតទឹកក្ដៅមិនត្រឹមតែជួយបំបាត់ការឈឺចាប់សាច់ដុំ និងអាចសម្លាប់មេរោគធូលីដីលើស្បែកផងដែរ។ ហើយវាក៏ជួយបើករន្ធញើសនៅលើស្បែកដែលស្ទះបានយ៉ាងល្អ ជាពិសេសជួយបំបាត់ស្នាមអុជខ្មៅនៅលើស្បែក និងធ្វើឱ្យស្បែកមានសភាពភ្លឺថ្លាទៀតផង។

ទន្ទឹមនឹងនេះ អ្នកជំនាញខាងស្បែកបាននិយាយថាការងូតទឹកក្ដៅអំឡុងពេលខែរងារវានឹងធ្វើឱ្យស្បែករបស់អ្នកស្ងួត។ ជាទូទៅ ខែរងារជាខែមួយដែលស្បែករបស់អ្នកបាត់បង់សំណើមខ្ពស់ ហើយត្រូវការជាតិទឺកនិងប្រេងដើម្បីជួយឱ្យស្បែកមើលទៅមានសភាពទន់ និងមានសំណើម។ ដូច្នេះ ពេលងូតទឹកជាមួយទឹកក្ដៅក្នុងរយៈយូរ វានឹងធ្វើឱ្យស្បែករបស់អ្នកប្រែជាឆាប់ស្ងួតកាន់តែលឿន ហើយវាធ្វើឱ្យស្បែកបាត់បង់សំណើម និងជាតិប្រេងមួយចំនួនផងដែរ។ ប្រសិនបើអ្នកងូតទឹកក្ដៅទាំងសក់ទៀតនោះ វានឹងធ្វើឱ្យខូតសក់របស់អ្នកយ៉ាងឆាប់រហ័ស ព្រោះទឹកក្ដៅវាបានទៅបំផ្លាញឫសគល់សក់របស់អ្នក។

សូមបញ្ជាក់ផងដែរថា ប្រសិនបើអ្នកជ្រើសរើសការងូតទឹកក្ដៅឧណ្ឌៗនារដូវរងារ សូមងូតក្នុងរយៈពេលខ្លី ឬអាចលាយទឹកត្រជាក់ឱ្យបានច្រើន បើសិនជាអាចអ្នកមិនគួរងូតត្រាំក្នុងទឹកក្ដៅនោះទេក្នុងអំឡុងពេលខែរងារនេះ ដើម្បៅចៀសវាងពីបញ្ហាស្បែកស្ងួតបាត់បង់សំណើម និងជាតិប្រេងរបស់ស្បែកអ្នក៕