ជំងឺមហារីក មាត់ស្បូនជាជម្ងឺមហារីកម្យ៉ាងដែលធ្វើអោយមានការប្រែប្រូលខុសពីធម្មតានៅតំបន់តំណរភ្ជាប់រវាងកោសិកាខាងក្នុងនិងខាងក្រៅនៅមាត់ស្បូន នៅពេលដែលវាស៊ីចូលជ្រៅទៅខាងក្នុងកោសិការមាត់ស្បូន ហើយអាចរាលដាលទៅកាន់សរីរាង្គផ្សេងទៀត(metastasis) ដូចជា សួត ថ្លើម ប្លោកនោម និងក្រសាល់គូទជាដើម។ ទោះបីជាយ៉ាងណាក៏ដោយជម្ងឺនេះវាមានការវិវត្តន៏យឺត ដោយចាប់ផ្តើមពីការបំរែបំរួលកោសិកាជាមុនសិន។

ស្រ្តីភាគច្រើនអាចដឹងរោគវិនិច្ឆ័យនែការប្រែប្រួលកោសិការនៅចន្លោះអាយុពី២០ ទៅ ៣០ ឆ្នាំ ក៏ប៉ុន្តែអាយុជាមធ្យមដែលអាចធ្វើរោគវិនិច្ឆ័យថាកើតជំងឺមហារីកមាត់ស្បូនគឺនៅខ្ទង់អាយុ ៥០ ឆ្នាំ។

តើជំងឺនេះបណ្តាលមកពីមូលហេតុអ្វី?
មូលហេតុចំបងនៃជំងឺនេះបណ្តាលមកពីមេរោគម្យ៉ាងឈ្មោះ HPV (Human Papilloma Virus)។ មេរោគ HPV ជាមេរោគម្យ៉ាងដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរូមភេទ។ មេរោគនេះមានរហូតដល់ជាង១០០ ប្រភេទ ហើយមាន១៤ប្រភេទ ដែលអាចបង្កឲ្យកើតមហារីក (WHO, 2019)។ ទោះបីជាយ៉ាងណាក៏ដោយមេរោគនេះអាចចេញជារោគសញ្ញាមួយចំនួនដូចជា៖
•ដុះសិរមាន់នៅប្រដាប់ភេទ
•ការប្រែប្រួលកោសិការតំបន់មាត់ស្បូនជាដើម។
ក្រៅពីមេរោគ HPV នៅមានមូលហេតុផ្សេងទៀតដែលអាចបណ្តាលអោយកើតជម្ងឺមហារីកមាត់ស្បូនផងដែរ។

តើអ្នកណាខ្លះដែលមានការប្រឈមមុខខ្ពស់ក្នុងការកើតជម្ងឺមហារីកមាត់ស្បូន?
យើងពិតជាចង់ដឹងណាស់ថាក្រៅពីមេរោគ HPV តើមានអ្នកណាខ្លះដែលមានការប្រឈមមុខខ្ពស់ ទៅនឹងជម្ងឺដ៏កាចសាហាវនេះ។ ស្រ្តីដែលមានការប្រឈមមុខខ្ពស់មានដូចជា៖
•ស្រ្តីដែលឆាប់រួមភេទនៅវ័យក្មេងពេក ( ក្រោមអាយុ ២០ ឆ្នាំ)
•ស្រ្តីដែលធ្លាប់មានតេស្ត Pap Smear មិនធម្មតាពីមុន
•ស្រ្តីដែលមានបងប្អូនធ្លាប់កើតជំងឺមហារីកមាត់ស្បូន
•ស្រ្តីដែលមានដៃគូរួមភេទច្រើន ឬដៃគូមានដៃគូច្រើន
•ស្រ្តីដែលមានប្រព័ន្ធភាពស៊ាំ ចុះខ្សោយ
•ស្រ្តីដែលជក់បារីជាដើម
•អ្នកផ្ទុកមេរោគអេដស៍និងកើតជំងឺអេដស៍៕