គ្រឿងស្រវឹង គឺជាភេសជ្ជ:មួយប្រភេទមានការពេញនិយមខ្លាំងបំផុតដែលគេតែងយកមកទទួលទានក្នុងឱកាសជួបជុំគ្នា ឬមានកម្មវិធីផ្សេងៗ ពិសេសពេលបញ្ហាផ្លូវចិត្តគេច្រើនយកស្រាមកផឹកដើម្បីបំបាត់ទុក្ខ។ គ្រឿងស្រវឹង បានរំញោចឲ្យអ្នកផឹកមានភាពសប្បាយរីករាយ ក៏ដូចជាជួយរំសាយបញ្ហាក្នុងចិត្តបានមួយរយៈពេល ប៉ុន្តែវានឹងធ្វើឲ្យអ្នកឈឺចាប់ និងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅលើគ្រែពេទ្យ ក្រោយពីសេពគ្រឿងស្រវឹងយ៉ាងជោគជាំ ក្នុងរយៈពេលយូររួចមក។

លើសពីនេះទៅទៀត ការទទួលទានគ្រឿងស្រវឹងក៏បង្កផលប៉ះពាល់ដល់សុខភាពជាច្រើនទៀតដូចខាងក្រោម៖
១. បាត់បង់កោសិកាឈាមក្រហម៖ ការទទួលទានគ្រឿងស្រវឹងច្រើនពេក អាចរារាំងដល់ការផលិតកោសិកាឈាមក្រហម ហើយមានឥទ្ធិពលអវិជ្ជមានដល់ប្លាកែត និងសមាសធាតុដែលជួយជំរុញដល់ដំណើរការកំណកឈាម។

២. ប្រឈមមុខនឹងជំងឺមហារីក៖ ជាតិអាល់កុលដែលត្រាំត្រែងនៅក្នុងរាងកាយច្រើនពេក គឺជាមូលហេតុមួយនៃជំងឺមហារីក ដូចជាមហារីកបំពង់អាហារ, ថ្លើម,សុដន់ និងពោះវៀនជាដើម។

៣. ប៉ះពាល់បេះដូង៖ គ្រឿងស្រវឹងនៅក្នុងខ្លួនច្រើនពេក អាចធ្វើឲ្យចង្វាក់បេះដូងដើរមិនទៀងទាត់, សាច់ដុំចុះខ្សោយ,ដង្ហើមខ្លី, អស់កម្លាំង,និងហើមជើងជាដើម។

៤. រលាកលំពែង៖ ការទទួលទានគ្រឿងស្រវឹង ក៏ធ្វើឲ្យអ្នកប្រឈមនឹងបញ្ហារលាកលំពែងខ្ពស់ផងដែរ ។ ការរលាកលំពែងនេះ ក៏បានផ្ដល់ផលប៉ះពាល់ដល់ដំណើរការនៃការរំលាយអាហារ។ ម្យ៉ាងវិញទៀត វាអាចធ្វើឲ្យកើតមានជំងឺលំពែងរ៉ាំរ៉ៃ ឬជំងឺទឹកនោមផ្អែម ដោយសារតែអាំងស៊ុយលីន មិនអាចផលិតបានត្រឹម ត្រូវ។

៥. ខ្សោយខួរក្បាល៖ គ្រឿងស្រវឹង អាចប៉ះពាល់ដល់សកម្មភាពខួរក្បាល ហើយបញ្ហានេះកើតឡើងចំពោះស្ត្រីច្រើនជាងបុរស។ លើសពីនេះទៅទៀត ការទទួលទានគ្រឿងស្រវឹង អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលចាប់ពី៣ ដល់ទៅ៥ដង។

ដូចច្នេះហើយ បើមិនចង់ជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើ លោកអ្នកគួរតែថែររក្សាសុខភាពឲ្យបានល្អ នឹងជៀសឆ្ងាយពីគ្រឿងស្រវឹងទាំងឡាយ តាមដែលអាចធ្វើទៅបាន។ ក្នុងករណីមិនអាចជៀសផុត តែដើម្បីកាត់បន្ថយផលអវិជ្ជមានលើសុខភាពរាងកាយ អ្នកគួរទទួលទានអាហារផ្សេងៗ មុនផឹកគ្រឿងស្រវឹង សម្រាកមុន នឹងក្រោយពេលអនុញ្ញាតឲ្យគ្រឿងស្រវឹងចូលខ្លួន ទទួលទានទឹកនៅមុនពេល កំឡុងពេល និងក្រោយពេលផឹកគ្រឿងស្រវឹង មិនត្រូវផឹកគ្រឿងស្រវឹងច្រើនមុខលាយគ្នា និងមិនត្រូវលាយជាមួយភេសជ្ជផ្អែមនោះឡើយ៕