បញ្ហារដូវ គឺជាបញ្ហាមួយដែលស្រ្តីភាគច្រើនកំពុងតែជួបប្រទះ។ អ្នកខ្លះអាចមានភាពអៀនខ្មាស់ក្នុងការនិយាយ អ្នកខ្លះទៀតក៏គិតថាបញ្ហាទាំងអស់នោះគឺជារឿងធម្មតា។
តើយើងត្រូវធ្វើដូចម្តេចដើម្បីអោយដឹងថា ការធ្លាក់ឈាមតាមទ្វារមាស គឺជាការមករដូវធម្មតា ឬ ក៏ជាការធ្លាក់ឈាមដែលខុសប្រក្រតី?

ការមករដូវធម្មតា គឺជាការធ្លាក់ឈាមតាមទ្វារមាស ដែលមានវដ្តរដូវទៀងទាត់គឺ ២៨ថ្ងៃ ហើយវដ្តរដូវនេះអាចប្រែប្រួលចន្លោះពី ៣ ទៅ ៧ ថ្ងៃ និងមានបរិមាណឈាមប្រហែល ៨០ មល ( បើគិតជាបន្ទះសំឡី ១ បន្ទះ = ៥ មល ) ។ ស្រ្តីភាគច្រើនមករដូវជាលើកដំបូងនៅអាយុ ១២ ទៅ ១៣ ឆ្នាំ ហើយអាចមករដូវលឿនជាងនេះ ប្រសិនបើស្រ្តីរស់នៅក្នុងប្រទេសជឿនលឿន ហើយស្រ្តីក៏អាចមករដូវយឺតជាងនេះ ប្រសិនបើគាត់រស់នៅក្នុងប្រទេសដែលក្រីក្រ។

ចំពោះការធ្លាក់ឈាមមិនធម្មតា វាអាចមានច្រើនសណ្ឋានដូចជា៖
•ស្រ្តីមានរដូវទៀងទាត់ប៉ុន្តែការធ្លាក់ឈាមមានរយៈពេលយូរ លើសពី ៧ ថ្ងៃ ហើយបរិមាណឈាមច្រើនលើសពី ៨០ មល
•ស្រ្តីអាចមានវដ្តរដូវមិនទៀងទាត់ឬក៏មានធ្លាក់ឈាមចន្លោះវដ្តរដូវ
•ស្រ្តីអាចមានវដ្តរដូវទៀងទាត់ ប៉ុន្តែវដ្តរដូវតិចជាង ២១ ថ្ងៃ
•ស្រ្តីមានវដ្តរដូវមិនទៀងទាត់ហើយធ្លាក់ញឹកញាប់ រយៈពេលធ្លាក់ឈាមយួរលើសពី ៧ ថ្ងៃ ហើយបរិមាណឈាមលើសពី ៨០ មល
•ស្រ្តីអាចមានវដ្តរដូវមិនទៀងទាត់ ហើយវដ្តរដូវវែងលើសពី ៣៥ ថ្ងៃ
•ការរាំងរដូវ គឺស្រ្តីបាត់រដូវរយៈពេល ៦ ខែឬលើសពីនេះ ។

មូលហេតុនៃការធ្លាក់ឈាមមិនធម្មតាតាមទ្វារមាស មានច្រើនដូចជា៖
កត្តាទ្វារមាស៖ អាចរបួសឬដាច់រហែក
កត្តាមាត់ស្បូន៖ ដុះសាច់មាត់ស្បូន រលាកមាត់ស្បូន មហារីកមាត់ស្បូន
កត្តាស្បូន៖ មានដុំស្បូន មហារីកស្រទាប់ស្តើងរបស់ស្បូន រលាកស្រទាប់ស្តើងរបស់ស្បូន មានវត្ថុពីក្រៅនៅក្នុងស្បូន រលូតកូនមិនស្អាត
កត្តាដៃស្បូន៖ ដុំកន្សោមពង រលាកដៃស្បូន កូនក្រៅស្បូន
វិបត្តិកំណកឈាម៖ ឈាមមិនកក
ជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា៖ ខ្សោយថ្លើម ខ្សោយតម្រងនោម វិបត្តិក្រពេញពកកជាដើម
ការប្រើថ្នាំមួយចំនួនដូចជា៖ ថ្នាំប្រឆាំងនឹងឈាមកក ថ្នាំផ្លូវចិត្ត

ការប្រើមធ្យោបាយពន្យាកំណើត
វិបត្តិអរម៉ូន៖ ពេលវ័យគ្រប់ការ ឬ ជុំវិញការអស់រដូវ ។
ដូចនេះ បើសិនបងប្អូនស្រ្តីទាំងអស់ដែលមានបញ្ហាធ្លាក់ឈាមមិនធម្មតាតាមទ្វារមាស សូមអញ្ជើញមកពិគ្រោះនិងពិនិត្យជាមួយគ្រូពេទ្យនៅគ្លីនិករ៉ាក់គ្រប់សាខាទាំងអស់បាន៕