ខេត្តមណ្ឌលគិរី ៖ ជនត្រូវចោទម្នាក់ ខណៈមន្ត្រីអនុរក្សអនុញ្ញាតឲ្យអ្នកទោសទាំងអស់ចេញមកងូតទឹកសម្អាតខ្លួន នៅក្រៅអគារឃុំខ្លួន បានរត់គេចចេញពីពន្ធនាគារ បានចម្ងាយប្រហែល១គីឡូម៉ែត្រ ត្រូវសមត្ថកិច្ចដេញចាប់បានមកវិញ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង១៥ព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅពន្ធនាគារខេត្តមណ្ឌលគិរី។ជនត្រូវចោទដែលបានរត់គេចចេញពីពន្ធនាគាររូបនេះ ឈ្មោះ គឹម រចនា ត្រូវបានចាប់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តមណ្ឌលគិរី រយៈពេល១៧ថ្ងៃមកហើយ។

មន្រ្តីពន្ធនាគារខេត្តមណ្ឌលគិរី បានឱ្យដឹងថា មុនពេលកើតហេតុ មន្ត្រីអនុរក្សបានឲ្យអ្នកទោសទាំងអស់ចេញមកងូតទឹកសម្អាតខ្លួន នៅក្រៅអគារឃុំខ្លួន ស្រាប់តែជននេះឆ្លៀតឱកាសរត់បំបុកមន្ត្រីអនុរក្សចេញតាមខ្លោងទ្វារមុខរបស់ពន្ធនាគារតែម្ដង ។ ភ្លាមៗនោះ កម្លាំងពន្ធនាគារសហការជាមួយកម្លាំងនគរបាលជាង៦០នាក់តាមប្រដេញពីក្រោយ និងបានផ្ទុះអាវុធឡើងលើ ចំនួន៧គ្រាប់ ទើបអាចឃាត់ខ្លួនជននេះបាននៅចម្ងាយពីពន្ធនាគារប្រហែល១គីឡូម៉ែត្រ នៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕