ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ នៅថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ១៩៥២ គ្រួសារកសិករមានជីវភាពធូរធារមួយដែលមានប្ដីឈ្មោះ ហ៊ុន នាង និងប្រពន្ធឈ្មោះ ឌី ប៉ុក រស់នៅភូមិពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានសម្រាលកូនទី៣ ឈ្មោះ ហ៊ុន ប៊ុនណាល់ ឬ ហ៊ុន ណាល់ (ក្នុងប្រវត្តិរូបផ្លូវការ កើតថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១) ។ ហ៊ុន ប៊ុនណាល់ មានបងប្រុស២នាក់គឺ បងទី១ ឈ្មោះ ហ៊ុន ឡុងសាន និងបងទី២ ឈ្មោះ ហ៊ុន ឡុងសេង ។ក្រោយមកទៀត ហ៊ុន ប៊ុនណាល់ ក៏មានប្អូនស្រី៣ នាក់ទៀត គឺ ហ៊ុន សេងនី, ហ៊ុន ស៊ីណាត និង ហ៊ុន ធឿន ។
កាលពីឆ្នាំ១៩៤១ ហ៊ុន នាង ជាព្រះសង្ឃមួយអង្គ បានមកគង់រៀនសូត្រនៅវត្តឧណ្ណាលោម នាក្រុងភ្នំពេញ។ ក្រោយពីព្រឹត្តិការណ៍បង្រ្កាបព្រះសង្ឃរាប់រយអង្គ នាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ ទាមទារឲ្យបារាំងដោះលែង អាចារ្យ ហែម ចៀវ និងនួន ឌួង មក ព្រះសង្ឃព្រះនាម ហ៊ុន នាង បានលាចាកសិក្ខាបទ ហើយបានទៅចូលរួមជាមួយចលនាតស៊ូឥស្សរៈ ដើម្បីរំដោះប្រទេសជាតិឲ្យរួចផុតពីការត្រួតត្រារបស់បារាំង នឹងគេដែរ ។ ប៉ុន្តែក្រោយមក គ្រួសារត្រកូលហ៊ុននេះ បានរងនូវការឈឺចាប់មួយ ដោយសារមានពួកខ្មែរឥស្សរៈមួយក្រុមផ្សេងទៀត នាំគ្នាមកចាប់ជីដូនខាងម្ដាយរបស់ ហ៊ុន ប៊ុនណាល់ យកទៅជំរិតទារប្រាក់ ព្រោះពួកវាដឹងច្បាស់ថា គ្រួសារនេះមានលុយកាក់មាសប្រាក់ច្រើន ។ ដើម្បីអាយុជីវិតរបស់ជីដូនរបស់ ហ៊ុន ប៊ុនណាល់ ជីតារបស់គាត់ប្រញាប់ប្រញាល់លក់ទ្រព្យសម្បត្តិ និងប្រមូលមាសប្រាក់ទាំងប៉ុន្មាន យកទៅឲ្យពួកឥស្សរៈមួយក្រុមនោះ ជាថ្នូរនឹងការប្រគល់ជីដូនគាត់ត្រឡប់មកផ្ទះវិញ។
ក្រោយពីការចាប់ជំរិតនោះ ជីវភាពគ្រួសារគាត់ចាប់ផ្ដើមធ្លាក់ដុនដាបជាលំដាប់ និងឈឺចាប់បំផុត ហ៊ុន នាង ក៏បានចូលធ្វើជាកងជីវពលរាជរដ្ឋាភិបាលរបស់ព្រះមហាក្សត្រនរោត្តម សីហនុ និងទទួលបានការហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តពីពួកទាហានបារាំង រួចហើយ ក៏ចាប់ផ្ដើមនាំគ្នាទៅវាយពួកឥស្សរៈវិញ ។លុះពេលហ៊ុន ប៊ុលណាល់ ហៅហ៊ុន ណាល់ ពេញវ័យជាយុវជន គាត់ក៏បានដើរតាមគន្លងឪពុកគាត់ដែរ ពោលគឺក្រោយរដ្ឋប្រហារថ្ងៃទី ១៨ មីនា ១៩៧០ គាត់បានស្ម័គ្រចិត្តចូលព្រៃម៉ាគី តាមការអំពាវនាវរបស់សម្ដេចនរោត្តម សីហនុ ដែលកាលនោះ ជាប្រធានរណសិរ្សរួបរួមជាតិកម្ពុជា ដើម្បីចូលរួមតស៊ូធ្វើសង្រ្គាមប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរ ដោយបានដូរឈ្មោះមកជា ហ៊ុន សែន វិញ ហើយអនាគតគាត់បានក្លាយទៅជាមេដឹកនាំខ្មែរដ៏ល្បីល្បាញម្នាក់ ដែលកាន់អំណាចបានយូរជាងគេ ទៀតផង ៕ (វាយអត្ថបទដោយ៖ កញ្ញា កៅ សុផានីត)